មហាសេដ្ឋី Elon Musk ត្រូវបានលោក ត្រាំ ផ្តល់តំណែងដឹកនាំនៅក្នុងនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល

អន្តរជាតិ

ប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោតថ្មី លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានប្រកាសថាមហាសេដ្ឋីពិភពលោក Elon Musk និងអតីតបេក្ខជនប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ លោក Vivek Ramaswamy នឹងត្រូវចូលកាន់តំណែងដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Fox News។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ត្រាំ បាននិយាយថា អ្នកទាំងពីរនឹងត្រូវធ្វើការរួមគ្នានៅក្នុងនាយកដ្ឋានដែលទើបបង្កើតថ្មីនេះ ដើម្បីជួយសម្រួលប្រតិបត្តិការរបស់រដ្ឋាភិបាលសហពន្ធ លុបបំបាត់ការចំណាយសារណ:លើសលប់ កាត់បន្ថយការចំណាយដែលខ្ជះខ្ជាយ និងរៀបចំរចនាសម្ព័ន្ធទីភ្នាក់ងារសហព័ន្ធឡើងវិញ។

មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បានបញ្ជាក់ទៀតផងដែរថា ​ការផ្តល់ឲ្យបុគ្គលដែលមានសមត្ថភាពខ្ពស់នៅក្នុងមុខជំនួញ ដឹកនាំនៅក្នុងមុខតំណែងនេះ នឹងក្លាយជាការជំរុញដ៏ខ្លាំងក្លាមួយ ខណ:គោលបំណងនៃការបង្កើត នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលថ្មីនេះ ត្រូវបានគ្រោងទុកអស់រយៈពេលជាយូរមកហើយ។

ប្រធានាធិបតីអាមេរិកអាណត្តិថ្មីរូបនេះ បាននិយាយថាទាំងលោក Musk និង Ramaswamy នឹងផ្តល់នូវដំបូន្មាន និងការណែនាំពីខាងក្រៅរដ្ឋាភិបាល ហើយនឹងចាប់ដៃគូជាមួយសេតវិមាន ក៏ដូចជាការិយាល័យគ្រប់គ្រង និងថវិកា ដើម្បីជំរុញកំណែទម្រង់រចនាសម្ព័ន្ធទ្រង់ទ្រាយធំ និងបង្កើតវិធីសាស្រ្តសហគ្រិនចំពោះរដ្ឋាភិបាលដែលមិនធ្លាប់ឃើញមានពីមុនមក។



ទន្ទឹមនឹងនេះ លោក ត្រាំ បានសង្កត់ធ្ងន់ទៀតថា នាយកដ្ឋានថ្មីនេះ នឹងផ្តោតលើការបង្កើតរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលមានប្រសិទ្ធភាពជាងមុន ដើម្បីផ្តល់នូវជីវិតកាន់តែប្រសើរឡើងសម្រាប់ជនជាតិអាមេរិកទាំងអស់៕