ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានប្រកាសកាលពីចុងសប្តាហ៍មុនថា អ្នកនាង Karoline Leavitt វ័យ ២៧ឆ្នាំ ដែលជាជំនួយការរៀបចំយុទ្ធនាការបោះឆ្នោតរបស់លោក នឹងត្រូវជ្រើសតាំងជាអ្នកពាក្យថ្មីរបស់សេតវិមាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ត្រាំ បាននិយាយថា ៖” Leavitt មានភាពឆ្លាតវៃ ម៉ឺងម៉ាត់ និងបានបង្ហាញឲ្យឃើញថាអ្នកនាងជាអ្នកប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ខ្ញុំមានទំនុកចិត្តបំផុតថានាងនឹងពូកែនៅក្នុងមុខតំណែងនេះ ហើយជួយបញ្ជូនសាររបស់យើងទៅកាន់ប្រជាជនអាមេរិក” ។
គួរឲ្យដឹងផងដែរថា អ្នកនាង Leavitt នឹងក្លាយជាបុគ្គលដែលមានវ័យក្មេងបំផុតម្នាក់ដែលនឹងត្រូវចូលកាន់តំណែងសំខាន់នៅក្នុងសេតវិមាន ក៏ដូចនឹងត្រូវឆ្លើយតបរាល់សំណួរពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយផងដែរ។
ជម្រាបជូនផងដែរថា ដោយកើតនៅក្នុងរដ្ឋ New Hampshire អ្នកនាង Leavitt គឺជាអ្នកនាំពាក្យរបស់លោក ត្រាំ នៅអាណត្តិដំបូងចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២១។ ក្រោយមកអ្នកនាងក៏ធ្លាប់បានឈរឈ្មោះសម្រាប់អាសនៈក្នុងសភាតំណាងរដ្ឋនៅស្រុកកំណើតរបស់ខ្លួន ក្នុងឆ្នាំ២០២២ ផងដែរ ប៉ុន្តែត្រូវបានបរាជ័យ។
ក្រៅពីនោះអ្នកនាង Leavitt ក៏បានធ្វើការជានាយកផ្នែកទំនាក់ទំនងសម្រាប់សមាជិកសភាលោកស្រី Elise Stefanik ដែលលោក ត្រាំ បានតែងតាំងជាឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ ផងដែរ៕