ការចំណាយរបស់លោកស្រី Kamala Harris ក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅឆ្នាំនេះ កំពុងប្រែក្លាយទៅជារឿងមួយកំពុងទទួលបានការចាប់អារម្មណ៍ និងវែកញែកច្រើនបំផុត ខណ:ពេលដែលលោកស្រី កំពុងប្រឈមមុខជាមួយនឹងការជាប់បំណុលដល់ទៅរាប់លានដុល្លារ។
បើទោះបីជាយុទ្ធនាការបោះឆ្នោតរបស់លោកស្រី Harris ត្រូវបានគេរាយការណ៍ថា រៃអង្គាសបានដល់ទៅ ១ពាន់លានដុល្លារ ក៏ដោយ ប៉ុន្តែទឹកប្រាក់ដ៏ច្រើននេះ ហាក់នៅតែមិនអាចជួយលោកស្រី ក្នុងការបញ្ចុះបញ្ចូលប្រជាជនអាមេរិក ដើម្បីជួយបោះឆ្នោតឲ្យលោកស្រីយកឈ្នះទៅលើលោក ដូណាល់ ត្រាំ បាននោះឡើយ។
ផ្អែកលើឯកសារផ្លូវការមួយ បានបង្ហាញថា លោកស្រី Harris បានចំណាយទឹកប្រាក់សរុបប្រហែល ៨៨០លានដុល្លារ ក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំនេះ ពោលគឺច្រើនជាងពីរដងនៃការចំណាយរបស់យុទ្ធនាការលោក ត្រាំ។
គ្រាន់តែនៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម លោកស្រី Kamala Harris និងក្រុមយុទ្ធនាការរបស់ខ្លួន បានចំណាយស្ទើរតែទ្វេដងនៃចំនួនទឹកប្រាក់ដែលគូប្រជែងរបស់ពួកគេបានចំណាយ ប៉ុន្តែនៅតែមិនអាចទទួលបានលទ្ធផលច្រើន ដូចការរំពឹងទុកនោះឡើយ។
យ៉ាងណាមិញ បើតាមការចុះផ្សាយពីសារព័ត៌មាន The Economic Times បានបង្ហាញឲ្យដឹងថា វិស័យមួយដែលយុទ្ធនាការរបស់លោកស្រី Harris ចំណាយច្រើនបំផុត គឺការផលិតព្រឹត្តិការណ៍ ក៏ដូចជាការសម្តែងតន្ត្រីតាមប្រព័ន្ធផ្សព្វផ្សាយ នៅឯការប្រមូលផ្តុំមុនការបោះឆ្នោត។
ប្រភពដដែលបានបង្ហាញឲ្យដឹងទៀតថា លោកស្រី Kamala Harris បានចំណាយទឹកប្រាក់ដល់ទៅជិតមួយលានដុល្លារ ទៅឲ្យ Harpo ដែលជាក្រុមហ៊ុនផលិតកម្មដ៏ធំបំផុតមួយ គ្រប់គ្រងដោយលោកស្រី Oprah Winfrey ក្នុងគោលបំណងទាក់ទាញតារាៗ៕