មេដឹកនាំកូរ៉េខាងត្បូង ហាត់វាយកូនហ្គោល ដើម្បីត្រៀមសម្រាប់ជំនួបជាមួយ លោក ត្រាំ នាពេលខាងមុខ

អន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ថ្មីៗនេះ បានចាប់ផ្តើមហ្វឹកហាត់កីឡាវាយកូនហ្គោលជាលើកដំបូង ក្នុងរយៈពេល ៨ឆ្នាំចុងក្រោយ ដើម្បីរៀបចំសម្រាប់កិច្ចប្រជុំនាពេលខាងមុខ ជាមួយប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ក្នុងគោលបំណងកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបាននិយាយថា លោក Yoon បានទៅលេងនៅទីលានវាយកូនហ្គោលមួយ ជាលើកដំបូង កាលពីថ្ងៃសៅរ៍ ដែលជាកីឡាដែលលោកបានលេងវាចុងក្រោយបំផុត ក្នុងឆ្នាំ២០១៦។

លោក Yoon បានប្រាប់សន្និសីទសារព័ត៌មានមួយ បន្ទាប់ពីបានផ្ញើសារអបអរសាទរចំពោះជ័យជម្នះរបស់លោក ត្រាំ តាមរយ:ទូរស័ព្ទថា ៖”មនុស្សជាច្រើនដែលស្និទ្ធនឹងប្រធានាធិបតី ត្រាំ បានប្រាប់ខ្ញុំថា ខ្ញុំនិងលោក ត្រាំ នឹងមានចំណាប់អារម្មណ៍ដូចគ្នា”។

ទន្ទឹមនឹងនេះ ក្រុមអ្នកវិភាគបានលើកឡើងថា លោក Yoon អាចនឹងស្វែងរកវិធីមួយដើម្បីទាញយកប្រយោជន៍ពីមិត្តភាពផ្ទាល់ខ្លួនជាមួយ លោក ត្រាំ ដើម្បីជំរុញផលប្រយោជន៍របស់រដ្ឋាភិបាលទីក្រុងសេអ៊ូល។



ជម្រាបជូនថា ក្រុមហ៊ុនរបស់កូរ៉េខាងត្បូង បានពឹងផ្អែកយ៉ាងខ្លាំងលើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ស្របពេលមន្ត្រីនៅទីក្រុងសេអ៊ូល បាននឹងកំពុងធ្វើការដើម្បីរៀបចំសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ចដ៏សំខាន់មួយ ខណៈលោក Yoon បានអំពាវនាវឲ្យមានសម្រាប់កិច្ចពិភាក្សារបស់រដ្ឋាភិបាល និងឧស្សាហកម្ម ដើម្បីត្រៀមសម្រាប់ការត្រឡប់មកកាន់តំណែងក្នុងសេតវិមានវិញរបស់លោក ត្រាំ។

មិនតែប៉ុណ្ណោះ លោក Ramon Pacheco Pardo អ្នកឯកទេសខាងកិច្ចការកូរ៉េនៅ King’s College London បាននិយាយថា បុគ្គលិកលក្ខណៈស្រដៀងគ្នា និងវិធីសាស្រ្តធ្វើការរបស់ ត្រាំ និង Yoon អាចនឹងជួយឲ្យពួកគេចុះសម្រុងគ្នាបានឆាប់រហ័ស៕