តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអវកាស Rocket Lab បានកើនឡើងដល់ ៤៥,៥% នៅក្នុងការជួញដូរចុងក្រោយរបស់ខ្លួន គិតត្រឹមពាក់កណ្តាលខែវិច្ឆិកានេះ ដោយជំរុញឲ្យតម្លៃភាគហ៊ុនរបស់ខ្លួនហក់ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន និងកើនឡើងច្រើនជាង ៤ដង គិតចាប់តាំងពីខែសីហាមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
មិនតែប៉ុណ្ណោះ ការកើនឡើងនេះ ក៏បានជំរុញឲ្យភាគហ៊ុនក្នុងដៃរបស់ស្ថាបនិក និងជានាយកប្រតិបត្តិ លោក Sir Peter Beck នៅក្នុងក្រុមហ៊ុន Rocket Lab កើនឡើងដល់ចំនួន ១,២៥ពាន់លានដុល្លារ ដែលបានធ្វើឲ្យលោកជាប់ឈ្មោះក្នុងបញ្ជីមហាសេដ្ឋីពិភពលោកជាលើកដំបូង។
ជុំវិញការហក់ឡើងនៃតម្លៃភាគហ៊ុននេះ ត្រូវបានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Rocket Lab ទទួលបានការចុះកិច្ចសន្យាពីអតិថិជនសម្រាប់គម្រោងរ៉ុក្កែត Neutron របស់ខ្លួន ដែលរំពឹងថានឹងចាប់ផ្តើមបាញ់បង្ហោះលើកដំបូងនៅឆ្នាំក្រោយ។
ជម្រាបជូនថា បន្ទាប់ពីការបិទការជួញដូរចុងក្រោយ ក្រុមហ៊ុន Rocket Lab បានរាយការណ៍ថា ប្រាក់ចំណូលក្នុងត្រីមាសទីបីរបស់ខ្លួនបានកើនឡើង ៥៥% ដល់ចំនួន ១០៤,៨លានដុល្លារ បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។
ប្រាក់ចំណូលរបស់ក្រុមហ៊ុន ក៏ត្រូវបានជំរុញដោយការផ្តល់មូលនិធិពីសំណាក់រដ្ឋាភិបាលអាមេរិកផងដែរ ដោយក្នុងខែមិថុនា ក្រុមហ៊ុន Rocket Lab បានប្រកាសថាខ្លួនទទួលបានជិត ២៤លានដុល្លារ ក្រោមមូលនិធិ Chips Act របស់រដ្ឋបាលប្រធានធិបតី ចូ បៃដិន ដែលត្រូវបានផ្តល់ជូនសម្រាប់ជំរុញការផលិតក្នុងស្រុក រួមទាំងទឹកប្រាក់ចំនួន ២៥,៥លានដុល្លារផ្សេងទៀត ពីរដ្ឋាភិបាលរដ្ឋ New Mexico ដើម្បីពង្រីកប្រតិបត្តិការបន្ទះសូឡាផ្កាយរណប នៅក្នុងរដ្ឋរបស់ខ្លួន៕