យោងតាមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល លោក Prasert Jantararuangtong បានបង្ហាញឲ្យដឹងថាការឆបោកតាមរយ:បណ្តាញសង្គម Facebook បានធ្វើឲ្យប្រទេសថៃ រងការខាតបង់ទឹកប្រាក់សរុបដល់ទៅ ៧១៨លានបាត (២០,២លានដុល្លារអាមេរិក)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
ក្នុងអំឡុងការសង្ខេបសមិទ្ធិផលប្រចាំឆ្នាំដែលរៀបចំធ្វើឡើងដោយមជ្ឈមណ្ឌលប្រតិបត្តិការប្រឆាំងការឆបោកតាមអ៊ីនធើណិត (AOC) គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក Prasert បាននិយាយថា AOC បានទទួលពាក្យបណ្តឹងសរុបជាង ១,១៧ លានករីណី តាមរយ:ការហៅចូលខ្សែទូរស័ព្ទទាន់ហេតុការណ៍ ១៤៤១។
ការខូចខាតសរុបដែលបានរាយការណ៍ពីការបោកប្រាស់តាមអ៊ីនធឺណិត ក្នុងអំឡុងពេលនោះ មានចំនួនទឹកប្រាក់ជាង ១៩ពាន់លានបាត ដែលក្នុងនោះបណ្តាញសង្គម Facebook បានលេចចេញជាបណ្តាញបោកប្រាស់ញឹកញាប់បំផុត មានចំនួនសរុបជា ២៦ ០០០ ករណី និងខាតបង់ទ្រព្យសម្បត្តិសរុប ៧១៨លានបាត។
ទន្ទឹមនឹងនេះ ការឆបោកតាមរយ:បណ្តាញទូទៅផ្សេងទៀត រួមមានការខលតាមទូរស័ព្ទ មានជាង ២២ ០០០ ករណី និងខាតបង់ប្រហែល ៩៤៥លានបាត តាមរយ:គេហទំព័រ ជាង ១៦ ០០០ ករណី និងខាតបង់ប្រហែល ១,១ពាន់លានបាត TikTok ៩៩៤ ករណី និងខាតបង់ប្រហែល ៦៥លានបាត និងផ្សេងទៀតជាង ២០ ០០០ ករណី ខាតបង់ប្រហែល ១,២ពាន់លានបាត។
គួរឲ្យដឹងផងដែរថា ទីក្រុងបាងកក បានជាប់ចំណាត់ថ្នាក់កំពូលនៃបញ្ជីតំបន់ដែលរងផលប៉ះពាល់ដោយការឆបោកច្រើនជាងគេ មានចំនួនសរុបជាង ៨៤ ០០០ ករណី និងតាមពីក្រោយដោយខេត្ត Samut Prakan, Nonthaburi, Chon Buri និង Pathum Thani។
ទន្ទឹមនឹងនេះដែរ ក្រុមមនុស្សដែលរងផលប៉ះពាល់ខ្លាំងជាងគេ មានអាយុចន្លោះពី ២០ឆ្នាំ ដល់ ៤៩ឆ្នាំ ដោយភាគច្រើនត្រូវបានកេងប្រវ័ញ្ចតាមរយ:ការផ្តល់ការងារក្លែងក្លាយ និងគម្រោងវិនិយោគតាមអ៊ីនធើណិត៕