ប្រធានាធិបតីអាមេរិកជាប់ឆ្នោតថ្មី លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះ បានចូលរួមជាមួយមហាសេដ្ឋីពិភពលោក Elon Musk ដើម្បីមើលការបាញ់បង្ហោះសាកល្បងយានអវកាស Starship របស់ក្រុមហ៊ុន SpaceX ដោយផ្ទាល់ ក្នុងទីក្រុង Brownsville រដ្ឋតិចសាស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Sky News។
នៅក្នុងការធ្វើតេស្តសាកល្បងបាញ់បង្ហោះលើកចុងក្រោយនេះ ដោយសារតែមានបញ្ហាមួយចំនួន បានធ្វើឲ្យផែនការរបស់ក្រុមហ៊ុន SpaceX រងការបរាជ័យ បន្ទាប់ពីឧបករណ៍រុញច្រានយាន ឬហៅថា Super Heavy បានផ្ទុះធ្លាក់នឹកស្មានមិនដល់ចូលនៅក្នុងឈូងសមុទ្រម៉ិកស៊ិក បន្ទាប់ពីហោះឡើងបានត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។
រំលឹកផងដែរថា ក្នុងអំឡុងពេលនៃការបាញ់បង្ហោះសាកល្បងលើកទីប្រាំរបស់យាន Starship កាលពីពេលកន្លងទៅ ក្រុមហ៊ុន SpaceX បានទទួលភាពជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងការចាប់យកឧបករណ៍រុញច្រានយាន Super Heavy ត្រលប់មកផ្ទៃផែនដីវិញ ជាមួយនឹងការរក្សារូបរាងដើមទាំងស្រុង។
យ៉ាងណាមិញ ទាក់ទិននឹងការបង្ហាញខ្លួនរបស់លោក ត្រាំ នៅក្នុងការបាញ់បង្ហោះយាន Starship នៅថ្ងៃអង្គារនេះ ហាក់បានបង្ហាញពីសម្ព័ន្ធភាពកាន់តែស៊ីជម្រៅបន្ថែមទៀត រវាងប្រធានាធិបតីអាមេរិក ជាមួយលោក Musk ដែលជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន SpaceX។
មិនតែប៉ុណ្ណោះ លោក Musk ត្រូវបានគេរំពឹងថានឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីរដ្ឋាភិបាល មិនត្រឹមតែក្រុមហ៊ុន SpaceX ប៉ុណ្ណោះទេ ថែមទាំងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់លោកផងដែរ។
ជម្រាបជូនផងដែរថា លោក ត្រាំ បានជ្រើសរើសលោក Musk និង Vivek Ramaswamy ដើម្បីដឹកនាំ “នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល” ថ្មី ខណ:មុខតំណែងនេះគឺដើម្បីជួយផ្តល់ការប្រឹក្សារាល់ការចំណាយរបស់រដ្ឋាភិបាល៕