ក្រុមហ៊ុន Samsung Electronics កាលពីពេលថ្មីៗនេះ បានបង្ហាញពីគម្រោងក្នុងការទិញយកភាគហ៊ុនត្រលប់មកវិញដែលមានតម្លៃរហូតដល់ ១០ទ្រីលានវ៉ុន ឬស្មើប្រមាណ ៧,១ពាន់លានដុល្លារ ក្នុងរយៈពេលមួយឆ្នាំខាងមុខ ដើម្បីបង្កើនតម្លៃភាគហ៊ុនរបស់ម្ចាស់ភាគហ៊ុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ក្រុមហ៊ុន Samsung បាននិយាយបន្ទាប់ពីទីផ្សារជួញដូរហ៊ុនបិទកាលពីថ្ងៃសុក្រថា ក្នុងចំណោមភាគហ៊ុនសរុបដែលគិតជាតម្លៃមានចំនួន ៣ទ្រីលានវ៉ុន ឬស្មើនឹងជាង ៥០ លានភាគហ៊ុនធម្មតា និងចំនួន ៦,៩១ហ៊ុនផ្សេងទៀត ដែលជាភាគហ៊ុនបុរិមា នឹងត្រូវទិញយកត្រលប់មកវិញ ក្នុងរយៈពេល ៣ខែបន្ទាប់ ហើយភាគហ៊ុនទាំងអស់នេះនឹងត្រូវបានលុបចោល។
គួរឲ្យដឹងថានេះជាលើកដំបូងហើយដែលក្រុមហ៊ុន Samsung Electronics សម្រេចចិត្តទិញភាគហ៊ុនត្រឡប់មកវិញគិតចាប់តាំងពីឆ្នាំ២០១៧មក ដែលនៅពេលនោះក្រុមហ៊ុនបានទិញភាគហ៊ុនត្រលប់មកវិញគិតជាទឹកប្រាក់សរុបចំនួន ២០,៧ទ្រីលានវ៉ុន។
ទន្ទឹមនឹងនេះ បើតាមអ្នកវិភាគបាននិយាយថា ការសម្រេចចិត្តរបស់ក្រុមហ៊ុន Samsung ក្នុងការទិញយកភាគហ៊ុនត្រលប់មកវិញនេះ អាចនឹងជួយពួកគេបានមួយចំណែក ប៉ុន្តែក្រុមហ៊ុនត្រូវការផែនការអាជីវកម្មជាក់ស្តែងផ្សេងទៀត ផងដែរ ដើម្បីគាំទ្រដល់ការអនុវត្តភាគហ៊ុនរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង។
Samsung ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនផលិតបន្ទះឈីបធំៗរបស់ពិភពលោក ដែលទទួលរងការធ្លាក់ចុះនៃតម្លៃភាគហ៊ុនច្រើនជាងគេ បន្ទាប់ពីទទួលបានការគំរាមកំហែងពីសំណាក់ផែនការរបស់ប្រធានាធិបតីអាមេរិកជាប់ឆ្នោតថ្មី លោក ដូណាល់ ត្រាំ ចំពោះការយកពន្ធលើការនាំចូលដែលនឹងប៉ះពាល់ដល់តម្រូវការផលិតផលអេឡិចត្រូនិក។
ជម្រាបជូនថា ភាគហ៊ុនរបស់ក្រុមហ៊ុន Samsung បានកើនឡើងដល់ជាង ៧% កាលពីថ្ងៃសុក្រ ដែលជាការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែមីនា ឆ្នាំ២០២០ និងបានស្ទុះងើបឡើងវិញពីកម្រិតទាបបំផុតគិតចាប់តាំងពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២០ ខណ:តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងនេះ នៅតែធ្លាប់ចុះជាង ៣០% បើគិតរហូតមកដល់ឆ្នាំនេះ៕