អ្នកមានដាច់គេនៅវៀតណាម គ្រោងផ្តល់ជំនួយជិត ២ពាន់លានដុល្លារ ដល់ក្រុមហ៊ុន VinFast

អន្តរជាតិ

មហាសេដ្ឋីមានដាច់គេបំផុតនៅវៀតណាម និងជាប្រធានក្រុមហ៊ុន Vingroup លោក Pham Nhat Vuong គ្រោងផ្តល់ជំនួយជាទឹកប្រាក់ប្រមាណ ៥០ទ្រីលានដុង ឬស្មើ ១,៩៧ពាន់លានដុល្លារ ដល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast ត្រឹមឆ្នាំ២០២៦ ដែលជាផ្នែកមួយនៃការសន្យារបស់លោកនាពេលកន្លងមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនេះ Vingroup ដែលជាក្រុមហ៊ុនមេ ក៏មានបំណងផ្តល់ប្រាក់កម្ចីដល់ទៅ ១,៣៨ពាន់លានដុល្លារ ដល់ VinFast នៅចុងឆ្នាំ២០២៦ ផងដែរ តាមរយៈសកម្មភាពភាគលាភ និងការបែងចែកដែលអាចកើតមាន។

គួរឲ្យដឹងថា VinFast បានចាប់ផ្តើមប្រតិបត្តិការដំបូងរបស់ខ្លួន នៅក្នុងឆ្នាំ២០១៩ ហើយបាននិងកំពុងពង្រីកយ៉ាងខ្លាំងក្លាទៅកាន់ទីផ្សារពិភពលោក ប៉ុន្តែទោះជាយ៉ាងណាក្រុមហ៊ុននេះ នៅតែបន្តរាយការណ៍ពីការខាតបង់កាន់តែច្រើនឡើង ខណៈពេលដែលពួកគេកំពុងជួបជាមួយនឹងតម្រូវការទន់ខ្សោយ និងបញ្ហាប្រឈមនៅក្នុងវិស័យរថយន្តអគ្គិសនី។

លោក Vuong ដែលជាម្ចាស់ភាគហ៊ុន ៩៧,៩% នៅក្នុង​ VinFast ទាំងដោយផ្ទាល់ និងដោយប្រយោល ថ្មីៗនេះ នៅតែបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបង្កើនការវិនិយោគបន្ថែមទៀត នៅក្នុងផលិតរថយន្តអគ្គិសនី ជាពិសេសនៅពេលដែលលោកបានសន្យាក្នុងអំឡុងពេលកិច្ចប្រជុំទូទៅមួយដែលរៀបធ្វើឡើងក្នុងខែមេសា។

ជម្រាបជូនផងដែរថា គិតចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួនក្នុងឆ្នាំ២០១៧ រហូតដល់ខែមិថុនាឆ្នាំ២០២៤នេះ VinFast បានទទួលការបញ្ចូលដើមទុនសរុបចំនួន ១៣,៥ពាន់លានដុល្លារពីក្រុមហ៊ុនមេ Vingroup និងជាស្ថាបនិកក្រុមហ៊ុនលោក Vuong៕