យោងតាមក្រសួងពាណិជ្ជកម្ម កាលពីពេលថ្មីនេះ បានរាយការណ៍ថាការនាំចេញអង្ករសរុបរបស់ថៃ មានចំនួនសរុប ៨,៣៧ លានតោន គិតចាប់ពីមករា ដល់ខែតុលា ពោលគឺបានកើនឡើង ២០% បើធៀបទៅនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ គ្រោងនឹងនាំចេញអង្កររបស់ខ្លួនឲ្យជាង ៩ លានតោន ក្នុងរយៈពេលពេញមួយឆ្នាំ ជាមួយនឹងប្រាក់ចំណូលសរុបជាង ៦,៤ពាន់លានដុល្លារ។
ក្រសួងបានសន្មតថា ជុំវិញការកើនឡើងនេះ បានកើតឡើងដោយសារការបញ្ជាទិញជាបន្តបន្ទាប់ និងត្រូវបានគាំទ្រដោយការកើនឡើងទិន្នផល និងគុណភាពខ្ពស់នៃស្រូវ ក៏ដូចជាតម្រូវការខ្ពស់សម្រាប់អង្ករផ្កាម្លិះថៃ នៅក្នុងទីផ្សារសំខាន់ៗ។
ជម្រាបជូនផងដែរថា ឥណ្ឌា នៅតែត្រូវចាត់ទុកជាប្រទេសនាំចេញអង្ករធំជាងគេលើពិភពលោក ជាមួយនឹងការនាំចេញរំពឹងថានឹងឈានដល់ ២០លានតោន នៅឆ្នាំក្រោយ បន្ទាប់មកគឺប្រទេសថៃ វៀតណាម និងប៉ាគីស្ថាន។ នេះបើតាមយោងតាមការព្យាកររបស់ក្រសួងកសិកម្មអាមេរិក៕