ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសតាំងអតីតនាយកប្រតិបត្តិរបស់ស្ថាប័នកីឡាកាស WWE លោកស្រី Linda McMahon ឲ្យឡើងធ្វើជារដ្ឋមន្ត្រីក្រសួងអប់រំថ្មី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ក្នុងសេចក្តីថ្លែងការណ៍មួយ លោក ត្រាំ បាននិយាយថា៖ “វាជាកិត្តិយសដ៏អស្ចារ្យរបស់ខ្ញុំ ក្នុងការប្រកាសថា Linda McMahon ដែលជាអតីតអ្នកគ្រប់គ្រងរដ្ឋបាលអាជីវកម្មខ្នាតតូច នឹងក្លាយជារដ្ឋមន្ត្រីក្រសួងអប់រំថ្មីរបស់សហរដ្ឋអាមេរិក” ។
សេចក្តីថ្លែងការណ៍របស់លោក ត្រាំ បានបន្ថែមឲ្យដឹងទៀតថា លោកស្រី McMahon នឹងប្រើប្រាស់បទពិសោធនៃភាពជាអ្នកដឹកនាំអស់ជាច្រើនទសវត្ស និងការយល់ដឹងយ៉ាងស៊ីជម្រៅទាំងផ្នែកអប់រំ និងអាជីវកម្ម ដើម្បីផ្តល់សិទ្ធិអំណាចដល់និស្សិត និងកម្មករអាមេរិកជំនាន់ក្រោយ ដើម្បីធ្វើឲ្យសហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខមួយ ក្នុងវិស័យអប់រំនៅលើពិភពលោក។
គួរឲ្យដឹងថា លោកស្រី McMahon ដែលធ្លាប់បានបម្រើការនៅក្នុងរដ្ឋបាលរបស់លោក ត្រាំ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ គឺជាភរិយារបស់លោក Vince McMahon ដែលជាស្ថាបនិកស្ថាប័នកីឡាកាស WWE ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក។
ជម្រាបជូនថា លោកស្រី McMahon គឺជាអតីតនាយកប្រតិបត្តិរបស់ស្ថាប័នកីឡាកាស WWE និងជាអតីតប្រធាននៃការិយាល័យធុរកិច្ចធុនតូចអាម៉រិក(SBA) ។ ក្រៅពីនេះ លោកស្រី ក៏ជាប្រធានវិទ្យាស្ថានគោលនយោបាយអាម៉េរិកដំបូង(AFPI) និងបានបម្រើការជាប្រធានផ្នែកអប់រំនៅរដ្ឋ Connecticut រយៈពេល២ឆ្នាំ ផងដែរ៕