ថៃ អាចខាតបង់សេដ្ឋកិច្ច ៤,៦ពាន់លានដុល្លារ បើសិនផែនការដំឡើងពន្ធរបស់លោក ត្រាំ ត្រូវបានដាក់ចេញ

អន្តរជាតិ

ប្រទេសថៃ អាចនឹងប្រឈមមុខទៅនឹងការបាត់បង់គោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំក្រោយ ប្រសិនបើប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ធ្វើតាមការសន្យារបស់លោក ក្នុងការដំឡើងពន្ធថ្មី ដែលនឹងផ្តល់ផលប៉ះពាល់យ៉ាងខ្លាំង ដល់ការនាំចេញរបស់ប្រទេសថៃ និងធ្វើឲ្យតម្លៃប្រាក់បាតកាន់តែធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេដ្ឋកិច្ចរបស់ប្រទេសថៃ អាចនឹងទទួលរងការបាត់បង់ជាទឹកប្រាក់ប្រហែល ១៦០ពាន់លានបាត (៤,៦ពាន់លានដុល្លារ) ដោយកាត់បន្ថយប្រហែល ០,៩% ពីអត្រាកំណើន ៣% ដែលត្រូវបានព្យាករទុកនៅឆ្នាំក្រោយ។ នេះបើតាមលោក Thanavath Phonvichai ប្រធានសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានប្រាប់ទៅកាន់សន្និសីទសារព័ត៌មានខ្លីមួយ នៅទីក្រុងបាងកក កាលពីថ្ងៃពុធ។

ទន្ទឹមនឹងនេះ លោក Thanavath ក៏បានសង្កត់ធ្ងន់ចំពោះផែនការពន្ធដែលបានប្រកាសពីមុនរបស់លោក ត្រាំ ថា៖ “នេះគឺជាផលប៉ះពាល់ដែលមិនអាចចៀសវាងបានចំពោះសេដ្ឋកិច្ចរបស់យើង។ គោលដៅរបស់យើងដើម្បីឈានដល់កំណើន ៣% នៅឆ្នាំក្រោយ អាចនឹងប្រឈមមុខនិងហានិភ័យ” ។

ជុំវិញបញ្ហានេះ អាជ្ញាធររបស់ប្រទេសថៃ កំពុងរៀបចំវិធានការដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួន ពីភាពតានតឹងលើផ្នែកពាណិជ្ជកម្មដែលអាចកើតមាន ក្រោមការដឹកនាំរបស់លោក ត្រាំ និងរក្សាការស្ទុះងើបឡើងវិញនៅក្នុងកំណើនតាមរយៈការលាយបញ្ចូលគ្នានៃការទូទាត់សាច់ប្រាក់ និងវិធានការបន្ធូរបន្ថយបំណុល។

គួរឲ្យដឹងថា ប្រទេសថៃស្ថិតក្នុងចំណោមអ្នកដែលទទួលបានផលប្រយោជន៍ច្រើនពីសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ត្រាំ នៅពេលដែលក្រុមហ៊ុននានា បានផ្លាស់ប្តូរទីតាំងអាជីវកម្មពីប្រទេសចិន ដើម្បីគេចពីវេសពីការជាប់ពន្ធពិន័យ និងការទប់ស្កាត់ពាណិជ្ជកម្ម។



ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាមការសិក្សាមួយ បានបង្ហាញថា វានៅតែមានផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់ថៃ ដោយសារតែការនាំចេញទៅកាន់សហរដ្ឋអាមេរិក ដែលជាទីផ្សារដ៏ធំបំផុតរបស់ខ្លួននោះ នឹងត្រូវកាត់បន្ថយ ក៏ដូចជាផលប៉ះពាល់ដោយប្រយោលផ្សេងទៀត ដែលកើតចេញពីការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់។ លោក Thanavath បានបន្ថែមទៀតថា គោលនយោបាយដំឡើងពន្ធរបស់លោក ត្រាំ ក៏នឹងធ្វើឲ្យរូបិយប័ណ្ណក្នុងស្រុកចុះខ្សោយ និងកាត់បន្ថយការវិនិយោគរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសថៃផងដែរ៕