តម្លៃកាក់ Bitcoin បន្តកើនឡើងដល់ជិត ១០ម៉ឺនដុល្លារ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត

អន្តរជាតិ

រូបិយប័ណ្ណគ្រីបតូ Bitcoin បានហក់ឡើងតម្លៃដល់ជិត ១០ម៉ឺនដុល្លាជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត បន្ទាប់ពីត្រូវបានជំរុញយ៉ាងខ្លាំងដោយការគាំទ្ររបស់ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក លោក ដូណាល់ ត្រាំ ដែលរំពឹងទុកថានឹងជួយធ្វើឲ្យទីផ្សារគ្រីបតូកាន់តែមានភាពទូលំទូលាយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទ្រព្យសកម្មឌីជីថលដ៏ធំ និងល្បីល្បាញបំផុតរបស់ពិភពលោកមួយនេះ បានកើនឡើងតម្លៃខ្ពស់ជាង ៤% នៅក្នុងចំនួន ៩៨ ២៧៣ដុល្លារ ក្រោយពេលមានការកើនឡើងដល់កម្រិតខ្ពស់បំផុត រហូតដល់ ៩៩ ០៤៦ដុល្លារ។ នេះបើយោងតាម ​​​​Coin Metrics ។

ការហក់ឡើងខ្ពស់នៃតម្លៃកាក់ Bitcoin នេះ បានជំរុញឲ្យទីផ្សារគ្រីបតូទាំងមូល បង្កើនទឹកប្រាក់បន្ថែមប្រហែល ៩០០ពាន់លានដុល្លារ ចាប់តាំងពីការឈ្នះឆ្នោតរបស់លោក ត្រាំ នៅថ្ងៃទី៥ ខែវិច្ឆិកាមក។

គួរឲ្យដឹងផងដែរថា តម្លៃកាក់ Bitcoin បានបន្តហក់ឡើងដល់កម្រិតខ្ពស់ជាបន្តបន្ទាប់សម្រាប់កំណត់ត្រាថ្មីៗ ក្នុងខែនេះ ក្រោយមានក្តីរំពឹងទុកថា លោក ត្រាំ នឹងធ្វើឲ្យការកាន់អំណាចលើកទីពីររបស់ខ្លួនក្នុងសេតវិមាន ក្លាយជាយុគសម័យមាសនៃរូបិយប័ណ្ណគ្រីបតូ ដែលនឹងរួមបញ្ចូលបទប្បញ្ញត្តិគាំទ្របន្ថែមទៀតសម្រាប់ឧស្សាហកម្មប្រភេទនេះ ក៏ដូចជាបង្កើតទុនបម្រុង ឬស្តុកទុកកាក់ Bitcoin ជាយុទ្ធសាស្ត្រជាតិ៕