អាមេរិក ចោទប្រកាន់កំពូលមហាសេដ្ឋីឥណ្ឌា Adani ពីបទស៊ីសំណូកមានតម្លៃជាង ២០០លានដុល្លារ

អន្តរជាតិ

យោងតាមរដ្ឋអាជ្ញាសហរដ្ឋអាមេរិក បានបង្ហាញឲ្យដឹងថា លោក Gautam Adani ដែលកំពូលមហាសេដ្ឋីឥណ្ឌា និងជាប្រធានក្រុមហ៊ុន Adani Group ត្រូវបានចោទប្រកាន់នៅទីក្រុងញូវយ៉ក ជុំវិញតួនាទីរបស់លោក នៅក្នុងគម្រោងសូកប៉ាន់ដែលមានតម្លៃរហូតដល់ទៅ ២៦៥លានដុល្លារ។ នេះបើតាមការចុះផ្សាសយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អាជ្ញាធរអាមេរិក បាននិយាយថា លោក Adani និងចុងចោទទាំងប្រាំពីរនាក់ផ្សេងទៀត រួមទាំងក្មួយប្រុសរបស់លោក ឈ្មោះ Sagar Adani ផងនោះ បានយល់ព្រមបង់ប្រាក់ចំនួន ២៦៥លានដុល្លារ ជាសំណូកដល់មន្ត្រីរដ្ឋាភិបាលឥណ្ឌា ដើម្បីទទួលបានកិច្ចសន្យាដែលរំពឹងថានឹងផ្តល់ប្រាក់ចំណេញមកវិញ ២ពាន់លានដុល្លារ ក្នុងរយៈពេល ២០ឆ្នាំ និងគម្រោងអភិវឌ្ឍរោងចក្រថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតរបស់ប្រទេសឥណ្ឌាផងដែរ។

ទន្ទឹមនឹងនេះ រដ្ឋអាជ្ញាអាមេរិក បានបង្ហាញឲ្យដឹងទៀតថាថ្នាក់ដឹកនាំផ្សេងទៀត នៅក្នុងក្រុមហ៊ុន Adani រួមទាំងអតីតនាយកប្រតិបត្តិក្រុមហ៊ុន Adani Green Energy លោក Vneet Jaain បានរៃអង្គាសទឹកប្រាក់បានជាង ៣ពាន់លានដុល្លារ តាមរយ:ប្រាក់កម្ចី និងការលក់ប័ណ្ណបំណុល ដោយលាក់បាំងអំពើពុករលួយរបស់ពួកគេពីអ្នកផ្តល់កម្ចី និងអ្នកវិនិយោគ។ ហើយដោយសារតែអ្នកផ្តល់ប្រាក់កម្ចី និងអ្នកវិនិយោគមួយចំនួនមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដូច្នេះសកម្មភាពទាំងនេះ ត្រូវបានចាត់ទុកថាការបំពានទៅលើច្បាប់ពុករលួយទាំងស្រុងរបស់សហរដ្ឋអាមេរិក។

ជុំវិញបញ្ហានេះ ក្រុម Adani Group នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានច្រានចោលការចោទកាន់នេះទាំងស្រុង ដោយអះអាងថាគ្មានមូលដ្ឋានច្បាស់លាស់ ហើយថែមទាំងប្តេជ្ញាស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ដែលអាចធ្វើទៅបាន។

ជម្រាបជូនផងដែរថា បច្ចុប្បន្នលោក Adani ត្រូវបានទស្សនាវដ្តី Forbes ប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិសរុបប្រហែល ៧០ពាន់លានដុល្លារ ដោយលោកជាប់ឈ្មោះជាមហាសេដ្ឋីមានដាច់គេទីពីរនៅឥណ្ឌា និងជាប់លេខ ២២ នៅលើពិភពលោក៕