កាលពីពេលថ្មីៗនេះ មហាសេដ្ឋីមានដាច់គេលើលោក Elon Musk បានប៉ះទង្គិចពាក្យសម្តីគ្នាជាថ្មីម្តងទៀត ជាមួយស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos នៅលើបណ្តាញសង្គម X បន្ទាប់ពីលោក ដូណាល់ ត្រាំ ត្រលប់មកកាន់អំណាចនៅសេតវិមានជាថ្មី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Business Insider។
នៅក្នុងការបង្ហោះសារមួយនៅលើបណ្តាញសង្គម X កាលពីថ្ងៃព្រហស្បតិ៍ លោក Musk បាននិយាយថាលោក Bezos គឺជាអ្នកប្រាប់ឲ្យមនុស្សជាច្រើនលក់ចោលភាគហ៊ុនរបស់ពួកគេទាំងអស់នៅក្នុងក្រុមហ៊ុន Tesla និងSpaceX របស់ខ្លួន ដោយសារតែរំពឹងថាលោក ត្រាំ នឹងចាញ់ការបោះឆ្នោតប្រធានាធិបតីអាមេរិក។
ទោះជាយ៉ាងណក៏ដោយ នៅប៉ុន្មានម៉ោងក្រោយមក លោក Bezos បានចេញមុខឆ្លើយតបវិញថា ការអះអាងនេះគឺ “មិនពិត ១០០%”។
គួរឲ្យដឹងផងដែរការប៉ះទង្គិចពាក្យសម្តីគ្នារវាងមហាសេដ្ឋីមានដាច់គេបំផុតលើលោកទាំងពីររូបនេះ មិនមែនទើបតែកើតឡើងថ្មីៗនេះនោះឡើយ ដោយពួកគេតែងតែបង្ហាញការប្រកួតប្រជែងគ្នាក្នុងវិស័យធំៗដូចជា បញ្ញាសិប្បនិម្មិត រថយន្តអគ្គិសនី និងរថយន្តបើកបរដោយខ្លួនឯង ខណ:ពួកគេក៏បានបើកដំណើរការក្រុមហ៊ុនអវកាសដែលមានការប្រជែងគ្នាដើម្បីទទួលបានកិច្ចសន្យាពីសំណាក់រដ្ឋាភិបាល ផងដែរ។
ជម្រាបជូនផងដែរថា ចាប់តាំងពីការឈ្នះឆ្នោតរបស់លោក ត្រាំ មក បានធ្វើឲ្យលោក Musk ដែលមានសម្ព័ន្ធភាពយ៉ាងជិតស្និទ្ធិជាមួយប្រធានាធិបតីអាមេរិករូបនេះ រំពឹងទុកថានឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន ទាំងនៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុនអវកាស SpaceX របស់ខ្លួន។
មិនតែប៉ុណ្ណោះ លោក Musk ក៏ត្រូវបានលោក ត្រាំ ជ្រើសតាំងឲ្យកាន់មុខតំណែងធំ រួមជាមួយលោក Vivek Ramaswamy នៅក្នុងនាយកដ្ឋានបង្កើតថ្មីមួយ ដើម្បីជួយដោះស្រាយដល់ការចំណាយខ្ជះខ្ជាយរបស់សហព័ន្ធ៕