មិនដឹងមានរឿងអី សុខៗមហាសេដ្ឋី Jeff Benzos ដាក់លក់យន្តហោះឯកជនសំណព្វចិត្តមួយគ្រឿង តម្លៃធូរៗ

អន្តរជាតិ

បើតាមការឲ្យដឹងពី Luxury Launches បានបង្ហាញឲ្យដឹងថា ស្ថាបនិកក្រុមហ៊ុន Amazon  លោក Jeff Bezos បានសម្រេចចិត្តដាក់លក់យន្តហោះឯកជន (Private Jet) មួយគ្រឿងម៉ូដែល Gulfstream 650ER ក្នុងតម្លៃប្រមាណ ៣៩លានដុល្លារនៅលើទីផ្សារទីផ្សារអាកាសចរណ៍ Controller ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យន្តហោះដែលមានលេខចុះបញ្ជី N271DV បច្ចុប្បន្នមានអាយុកាលជិត ១០ឆ្នាំមកហើយ មួយវិញទៀតយន្តហោះមួយគ្រឿងនេះ ក៏ជាយន្តហោះដែលចាស់ជាងគេក្នុងចំណោះយន្តហោះដ៏ទៃផ្សេងទៀតរបស់លោក Bezos ផងដែរ។ ទោះបីលោក Jeff Bezos ដាក់លក់ធូរៗត្រឹម ៣៩លានដុល្លារក្តី ប៉ុន្តែបើម៉ូដែល Gulfstream 650ER នៅថ្មី អាចមានតម្លៃដល់ទៅ ៦៥លានដុល្លារ ហើយក៏អាចឈានដល់តម្លៃ ៧០លានដុល្លារប្រសិនបើអតិថិជនចង់បន្ថែមគ្រឿងបរិក្ខារ ឬចង់តុបតែងឲ្យកាន់តែស្រស់ស្អាត និងទាក់ទាញជាងមុន។

រូបរាងដ៏វែង និងល្បឿនដ៏លឿនរបស់ 650ER បានក្លាយជាជម្រើសដ៏ពេញនិយមបំផុតសម្រាប់សេដ្ឋី មហាសេដ្ឋីនៅជុំវិញពិភពលោក រួមមានទាំងលោក Elon Musk និង Bill Gates ជាដើម។ ត្រឹមចម្ងាយប្រហែល ៨៦៣០ម៉ាយ យន្តហោះនេះ​ អា​ចហោះហើរពី Seattle ទៅ Dubai ឬពី New York ទៅ Hong Kong ដោយមិនចាំបាច់ឈប់សម្រាកឡើយ។

យន្តហោះម៉ូដែល 650ER មានរូបរាងធំទូលាយ អាចមានសមត្ថភាពដឹកអ្នកដំណើរដល់ចំនួន ១៨នាក់ដោយមិនចង្អៀត។ នៅផ្នែកខាងក្នុង វាត្រូវបានគេបំពាក់មកនូវគ្រឿងបរិក្ខារដែលមានពណ៌ត្នោតខ្ចី និងបែងចែកកាប៊ីនជាបីផ្នែក។ កាប៊ីនខាងមុខសម្រាប់អ្នកបើកបរយន្តហោះ ខណៈឯផ្នែកកណ្តាលជាកន្លែងដែលមានកៅអីច្រើនសម្រាប់កិច្ចប្រជុំ។ ដោយឡែកកាប៊ីនខាងក្រោយ មានកៅអីបីជួរទល់មុខគ្នា ដេរដោយក្រណាត់ស្បែកពណ៌ប្រផេះ ហើយជាពិសេសនោះ គ្រប់កៅអីទាំងអស់ ត្រូវបានបំពាក់មកជាមួយ Monitor HD ទំហំ ១២.១អ៊ីញ តែខុសបន្តិចត្រង់នៅកាប៊ីនកណ្តាលបានបំពាក់ Monitor ទំហំ ២៦អ៊ីញ។

សូមជម្រាបជូនថា បច្ចុប្បន្នស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos មានយន្តហោះសរុបចំនួន ៤គ្រឿង ក្នុងនោះរួមមានម៉ូដែលដែលកំពុងដាក់លក់ Gulfstream 650ER ហើយក៏មានម៉ូដែល Pilatus PC-24 ម៉ូដែល Gulfstream G650ER និងម៉ូដែល Gulfstream G700 ដែលទើបនឹងទិញកាលពីខែសីហាក្នុងតម្លៃ ៨០លានដុល្លារ ខណៈបើគិតអំពីទំហំទ្រព្យសម្បត្តិរបស់លោកវិញ មានប្រមាណ ២១៤,៧ពាន់លានដុល្លារ បើតាមប្រភពពីទស្សនាវដ្តី Forbes បានបញ្ជាក់គិតត្រឹមថ្ងៃទី២២ វិច្ឆិកា ២០២៤ ៕