សេដ្ឋកិច្ចពិភពលោកនៅតែមានភាពយឺតយ៉ាវ ទាក់ទិននឹងអតិផរណា ក៏ដូចជាវិបត្តិតម្លៃនៃការរស់នៅជាដើម តែទោះបីជាត្រដាបត្រដួសយ៉ាងណាក្តី ចំនួនមហាសេដ្ឋីនៅជុំវិញពិភពលោកក៏បានកើនឡើងដដែល។ ក្នុងនោះ បើតាមការធ្វើជំរឿនពី Altrata បានបង្ហាញថា ទ្រព្យសម្បត្តិសរុបរបស់បណ្តាមហាសេដ្ឋីពិភពលោកបានកើនឡើង៩% ដល់ចំនួន ១២,១ពាន់លានដុល្លារ ខណៈចំនួននៃមហាសេដ្ឋីក៏មានការកើនឡើង៤% ដល់ចំនួន ៣ ៣២៣នាក់ផងដែរ កាលពីឆ្នាំមុន។

ក្នុងចំណោមទីក្រុងទាំង១០ សហរដ្ឋអាមេរិកមានទីក្រុងដែលមានមហាសេដ្ឋីរស់នៅច្រើនជាងគេ តែបើនិយាយអំពីទ្វីបវិញ គេបានចាត់ទុកថា អាស៊ីជាទ្វីបមួយដែលមានមហាសេដ្ឋីរស់នៅច្រើន ពោលមានទីក្រុងដល់ទៅចំនួន៥ នៅក្នុងចំណាត់ថ្នាក់កំពូលទាំង១០ រាប់ត្រឹមឆ្នាំ២០២៣៖
១. ទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) មានមហាសេដ្ឋីចំនួន ១៤៤នាក់

២. ទីក្រុងហុងកុង មានមហាសេដ្ឋីចំនួន ១០៧នាក់

៣. ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (សហរដ្ឋអាមេរិក) មានមហាសេដ្ឋីចំនួន ៨៧នាក់

៤. ទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស) មានមហាសេដ្ឋីចំនួន ៧៨នាក់

៥. ទីក្រុងមូស្គូ (ប្រទេសរុស្ស៊ី) មានមហាសេដ្ឋីចំនួន ៧៧នាក់

៦. ទីក្រុង ឡូសអេនជឺលេស (សហរដ្ឋអាមេរិក) មានមហាសេដ្ឋីចំនួន ៦២នាក់

៧. ទីក្រុងប៉េកាំង (ប្រទេសចិន) មានមហាសេដ្ឋីចំនួន ៦០នាក់

៨. ទីក្រុងសាំងហ្កាពួរ (ប្រទេសិង្ហបុរី) មានមហាសេដ្ឋីចំនួន ៥៨នាក់

៩. ទីក្រុង ស៊ិនជិន (ប្រទេសចិន) មានមហាសេដ្ឋីចំនួន ៤១នាក់

១០. ទីក្រុងបុមបៃ (ប្រទេសឥណ្ឌា) មានមហាសេដ្ឋីចំនួន ៤០នាក់៕
