Starbucks កំពុងពិចារណាលក់ភាគហ៊ុននៅក្នុងប្រទេសចិន ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំង

អន្តរជាតិ

ក្រុមហ៊ុនហាងកាហ្វេដ៏ល្បីឈ្មោះរបស់ពិភពលោក Starbucks ថ្មីៗនេះ កំពុងពិចារណាលក់ភាគហ៊ុននៅក្នុងប្រតិបត្តិការរបស់ខ្លួននៅប្រទេសចិន ខណ:ពេលដែលពួកគេកំពុងស្វែងរកភាពជាដៃគូយុទ្ធសាស្រ្តជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីជំរុញដល់កំណើននៃការលក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន China Daily។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមអ្នកនាំពាក្យសកលរបស់ Starbucks បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”យើងប្តេជ្ញាអស់ពីចិត្តចំពោះអាជីវកម្មរបស់យើងនៅក្នុងប្រទេសចិន រួមជាមួយដៃគូរបស់យើង និងការអភិវឌ្ឍរយៈពេលវែងនៅក្នុងទីផ្សារប្រទេសនេះ” ។

ក្រុមហ៊ុនបានបន្ថែមឲ្យដឹងទៀតថា “ដូចដែលបានបង្ហាញនៅក្នុងលទ្ធផលប្រាក់ចំណូលនៅក្នុងត្រីមាសទី៤ យើងកំពុងចំណាយពេលដើម្បីទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅបន្ថែមទៀតអំពីប្រតិបត្តិការអាជីវកម្មរបស់យើងនៅក្នុងប្រទេសចិន និងបរិយាកាសទីផ្សារដែលមានការប្រកួតប្រជែងខ្លាំង។ យើងកំពុងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីកំណត់ផ្លូវឆ្ពោះទៅរកការរីកចម្រើនដ៏ល្អបំផុត រួមទាំងការស្វែងរកភាពជាដៃគូយុទ្ធសាស្ត្រផងដែរ”។

យោងតាមរបាយការណ៍ចុះផ្សាយដោយសារព័ត៌មាន Bloomberg News កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញថា Starbucks កំពុងវាយតម្លៃជម្រើសផ្សេងៗសម្រាប់អាជីវកម្មនៅក្នុងប្រទេសចិនរបស់ខ្លួន រួមទាំងការលក់ភាគហ៊ុនដ៏មានសក្តានុពលផងដែរ។ សកម្មភាពបែបនេះ អាចទាក់ទាញចំណាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់បណ្តាក្រុមហ៊ុនចិន ឬក្រុមហ៊ុនក្នុងស្រុកដែលមានបទពិសោធននៅក្នុងឧស្សាហកម្មដូចគ្នានេះ។

គួរឲ្យដឹងផងដែរថា យុទ្ធសាស្រ្តស្រដៀងគ្នានេះ ក៏ត្រូវបានអនុវត្តដោយក្រុមហ៊ុនម៉ាកយីហោធំៗរបស់ពិភពលោកផ្សេងទៀត រួមទាំងក្រុមហ៊ុន McDonald’s Corp និង Yum Brands Inc ផងដែរ ដែលបានលក់ភាគហ៊ុននៅក្នុងអាជីវកម្មចិនរបស់ពួកគេ ទៅឲ្យក្រុមហ៊ុនឯកជន ដើម្បីបង្កើនចំណែកទីផ្សារ និងស្របតាមយុទ្ធសាស្រ្តក្នុងស្រុក។

ជម្រាបជូនផងដែរថា បច្ចុប្បន្នក្រុមហ៊ុន Starbucks ដំណើរការហាងជាង ៧ ៥០០ កន្លែង នៅក្នុងទីក្រុងជាង ២៥០ នៅក្នុងប្រទេសចិន៕