ហ្វីលីពីន បង្កើនកម្លាំងសន្តិសុខការពារប្រធានាធិបតី ក្រោយទទួលបានសារគំរាមធ្វើឃាតពីអនុប្រធានាធិបតី

អន្តរជាតិ

ទីភ្នាក់ងារសន្តិសុខជាតិរបស់ហ្វីលីពីន បានបង្កើនកម្លាំងការពារសុវត្ថិភាពប្រធានាធិបតី លោក Ferdinand Marcos Jr បន្ថែមទៀត បន្ទាប់ពីទទួលបានសារគំរាមធ្វើឃាតពីសំណាក់អនុប្រធានាធិបតី Sara Duterte ប្រសិនបើលោកស្រីខ្លួនឯងត្រូវបានគេសម្លាប់ដែរនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសញ្ញានៃការបែកបាក់ក៏គួរឲ្យភ្ញាក់ផ្អើលរវាងគ្រួសារនយោបាយដ៏មានឥទ្ធិពលបំផុតទាំងពីររបស់ហ្វីលីពីន លោកស្រី Sara Duterte បានប្រាប់ទៅកាន់សន្និសីទសារព័ត៌មួយថា លោកស្រីនឹងនិយាយទៅកាន់ឃាតករម្នាក់ ហើយនិងណែនាំគេឲ្យទៅសម្លាប់លោក Marcos រួមទាំងភរិយា និងសមាជិកសភាដែលជាសាច់ញាតិរបស់ប្រធានាធិបតី។ មុនពេលលោកស្រីបន្តទៀតថា ការធ្វើបែបនេះនឹងកើតឡើង ប្រសិនបើលោកស្រី ត្រូវគេលួចធ្វើឃាតដែរនោះ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ លោកស្រី Sara Duterte ហាក់មិនទាន់បានបញ្ជាក់ច្បាស់លាស់ថា មានការប៉ុនធ្វើឃាតណាមួយកើតឡើងលើលោកស្រីនៅឡើយនោះទេ។

ទន្ទឹមនឹងនេះ ក្រុមសន្តិសុខប្រធានាធិបតីបាននិយាយថា ខ្លួនបានបង្កើន និងពង្រឹងកម្លាំងការពារបន្ថែមទៀត ហើយកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារអនុវត្តច្បាប់ ដើម្បីស្វែងរក រារាំង និងការពារប្រឆាំងនឹងការគំរាមកំហែងណាមួយដែលអាចកើតឡើងចំពោះប្រធានាធិបតី និងគ្រួសាររបស់លោក។

មិនតែប៉ុណ្ណោះ ស្នងការប៉ូលិសជាតិ លោក Rommel Francisco Marbil ក៏បានបញ្ជាឲ្យមានការស៊ើបអង្កេតជាបន្ទាន់មួយលើករណីនេះ ដោយបន្ថែមថា ការគំរាមកំហែងដោយផ្ទាល់ឬដោយប្រយោលណាមួយ ចំពោះអាយុជីវិតរបស់ប្រធានាធិបតីត្រូវតែត្រូវបានដោះស្រាយជាមួយនឹងកម្រិតខ្ពស់បំផុត។

ជម្រាបជូនថា លោកស្រី Sara Duterte ដែលជាកូនស្រីរបស់អតីតប្រធានាធិបតីមុន លោក Rodrigo Duterte បានលាលែងពីគណៈរដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាលរបស់លោក Marcos កាលពីក្នុងខែមិថុនា ដែលជាសញ្ញានៃការដួលរលំនៃសម្ព័ន្ធភាពនយោបាយដ៏ធំសម្បើមមួយដែលធ្លាប់បានជួយលោកស្រី និងលោក Marcos មេដឹកនាំផ្តាច់ការហ្វីលីពីនចុងក្រោយ ដើម្បីទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោត ឆ្នាំ២០២២៕