មហាសេដ្ឋីម្ចាស់ប្រេន Gucci ជ្រុះចេញពីបញ្ជីអ្នកមានបំផុតទាំង១០០ នាក់ របស់ពិភពលោក

អន្តរជាតិ

លោក Francois Pinault ដែលជាស្ថាបនិកក្រុមហ៊ុន Kering និងជាម្ចាស់នៃប្រេនដ៏ល្បីល្បាញបំផុតរបស់លោក Gucci ថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា លោកលែងស្ថិតនៅក្នុងចំណោមកំពូលអ្នកមានបំផុតទាំង ១០០នាក់របស់ពិភពលោកទៀតហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសារព័ត៌មាននិយាយពីសេដ្ឋី Bloomberg បានបង្ហាញឲ្យដឹងថា លោក Pinault បានធ្លាក់មកកាន់ចំណាត់ថ្នាក់លេខ១០៥ បន្ទាប់ពីទ្រព្យសម្បត្តិសរុបរបស់លោក បានធ្លាក់ចុះមកនៅត្រឹមតែជាង ២០ពាន់លានដុល្លារ ពីកម្រិតខ្ពស់បំផុតដែលត្រូវបានកត់ត្រាទុកនៅខែសីហា ឆ្នាំ២០២១ ខណ:ពេលនោះលោកជាប់នៅចំណាត់ថ្នាក់លេខ២២។

ជុំវិញការបាត់បង់ទ្រព្យសម្បត្តិដ៏ច្រើនរបស់គ្រួសារលោក Pinault នេះ បានកើតឡើងចំពេលមានការថយចុះនៅក្នុងឧស្សាហកម្មទំនិញប្រណីត ដែលត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយតម្រូវការធ្លាក់ចុះ នៅក្នុងប្រទេសចិន ជាពិសេសសម្រាប់ទំនិញលំដាប់ខ្ពស់ដូចជាសម្លៀកបំពាក់ ស្រា និងគ្រឿងសំអាងជាដើម។

គួរឲ្យដឹងផងដែរថា បច្ចុប្បន្នក្រុមហ៊ុន Kering ស្ថិតនៅក្រោមការគ្រប់គ្រងដោយ លោក Francois-Henri Pinault ដែលជាកូនប្រុសច្បងរបស់លោក Pinault ។ ប៉ុន្តែក្នុងអំឡុងពេលកាន់តំណែងនេះ ក្រុមហ៊ុនដែលពឹងផ្នែកខ្លាំងទៅលើប្រេន Gucci បានមើលឃើញពីកំណើនលក់ ក៏ដូចជាប្រាក់ចំណូលរបស់ខ្លួន ធ្លាក់ចុះអស់រយ:ពេលជាច្រើនឆ្នាំ។

ជម្រាបជូនថា ត្រកូល Pinault កាន់កាប់ភាគហ៊ុន ៤២% និង ៥៩%នៃសិទ្ធិបោះឆ្នោតនៅក្នុងក្រុមហ៊ុន Kering ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស។ ស្របពេលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនប្រេនដ៏ល្បីនេះ ត្រូវបានគេរាយការណ៍ថាធ្លាក់ចុះអស់ជិតពាក់កណ្តាល​ក្នុងឆ្នាំ២០២៤ នេះ៕