ក្រុមហ៊ុន Nissan Motor ថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា គ្រោងនឹងកាត់បន្ថយ ឬផ្ទេរចេញបុគ្គលិកប្រហែល ១ពាន់នាក់ នៅក្នុងប្រទេសថៃ ខណ:ក្រុមហ៊ុនយក្សជប៉ុន មានគោលបំណងកាត់បន្ថយផលិតកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលជាផ្នែកមួយនៃផែនការកាត់បន្ថយកម្លាំងពលកម្មនៅទូទាំងសកលលោករបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
យោងតាមប្រភពដែលសុំមិនឲ្យបញ្ចេញឈ្មោះ បានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុន Nissan គ្រោងនឹងបញ្ឈប់ការផលិតមួយផ្នែកនៅក្នុងរោងចក្រ Thailand Palnt No.1 ដែលជារោងចក្រមួយក្នុងចំណោមរោងចក្រដំឡើងរថយន្តចំនួនពីររបស់ខ្លួន នៅក្នុងប្រទេសថៃ ហើយនឹងត្រូវបង្រួមប្រតិបត្តិការទៅរោងចក្រ Plant No.2 វិញ នៅខែកញ្ញាឆ្នាំក្រោយ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រុមហ៊ុន Nissan បានបដិសេធសុំមិនធ្វើការអត្ថាធិប្បាយណាមួយចំពោះការកាត់បន្ថយការងារនេះទេ ប៉ុន្តែបាននិយាយថា ការបង្រួបបង្រួមមួយផ្នែកនៃរោងចក្រកំពុងដំណើរការរបស់ខ្លួន ដើម្បីធ្វើឲ្យប្រសើរឡើងនូវគ្រឿងបរិក្ខារ ហើយគ្មានរោងចក្រណាមួយនឹងត្រូវបិទនៅក្នុងប្រទេសថៃនោះឡើយ។
ជម្រាបជូនថាក្រុមហ៊ុន Nissan កាលពីដើមខែនេះ បានប្រកាសពីផែនការកាត់បន្ថយការងារសរុបចំនួន ៩ ០០០ នាក់ នៅទូទាំងពិភពលោក បន្ទាប់ពីបានរាយការណ៍ប្រាក់ចំណូលពាក់កណ្តាលឆ្នាំ ធ្លាក់ចុះខ្លាំងជាងការរំពឹងទុក។ ការលក់រថយន្តរបស់ Nissan នៅប្រទេសថៃ បានធ្លាក់ចុះ ៣០% មកនៅត្រឹម ១៤ ០០០ គ្រឿងក្នុងឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់ទៅកាលពីក្នុងខែមីនា បន្ទាប់ពីមានការប្រកួតប្រជែងខ្លាំងពីសំណាក់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន ដូចជា BYD និង SAIC ជាដើម៕