ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos និងគូស្នេហ៍ គឺអ្នកនាង Lauren Sanchez កាលពីពេលថ្មីៗនេះ បានបរិច្ចាគទឹកប្រាក់ប្រមាណជាង ១០០លានដុល្លារ ដើម្បីជួយដល់គ្រួសារជាច្រើនដែលគ្មានផ្ទះសម្បែងរស់នៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។
ប្រភពដដែលបានបង្ហាញឲ្យដឹងទៀតថា ទឹកប្រាក់សរុបចំនួន ១១០,៥លានដុល្លារ នឹងត្រូវផ្តល់ទៅឲ្យអង្គការចំនួន ៤០ ដែលផ្តោតលើភាពគ្មានផ្ទះសម្បែងរស់នៅរបស់គ្រួសារនីមួយៗ តាមរយ:មូលនិធិ Bezos Day 1 Families របស់ពួកគេ។
ទន្ទឹមនឹងនេះ លោកស្រី Sanchez បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”ជាមួយនឹងភាពគ្មានផ្ទះសម្បែងកំពុងបន្តកើនឡើង នេះជាពេលវេលាដ៏សំខាន់បំផុតដើម្បីគាំទ្រដល់បុគ្គល និងអង្គការទាំងនោះ ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរ។ គ្រប់គ្រួសារទាំងអស់សមនឹងទទួលបានផ្ទះមួយដើម្បីរស់នៅ ហើយយើងពិតជាអរគុណដែលអាចចូលរួមចំណែកក្នុងការធ្វើឲ្យរឿងនេះក្លាយជាការពិត”។
ជាមួយគ្នានេះ ស្ថាបនិកក្រុមហ៊ុន Amazon លោក Bezos បាននិយាយផងដែរថា៖ “អង្គការចំនួន ៤០ ដែលយើងកំពុងទទួលស្គាល់នាពេលបច្ចុប្បន្ននេះ កំពុងនាំមុខគេលើការងារដើម្បីបញ្ចប់ភាពគ្មានផ្ទះសម្បែង និងកសាងឯករាជ្យភាពសម្រាប់គ្រួសារជាច្រើន។ គ្មានកុមារណាមួយគួររស់នៅដោយគ្មានផ្ទះសម្បែងនោះឡើយ ហើយការបរិច្ចាគនេះ នឹងជួយដល់ការខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់អង្គការទាំងនោះ”។
ជម្រាបជូនផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលគូស្នេហ៍មួយគូនេះ បានចំណាយទឹកប្រាក់យ៉ាងច្រើនដល់អង្គការសប្បុរសធម៌ ដោយកាលពីមួយខែមុន ពួកគេក៏បានបរិច្ចាគទឹកប្រាក់ដល់ទៅ ១០០លានដុល្លារ តាមរយៈមូលនិធិ Bezos Earth របស់ពួកគេដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ផងដែរ៕