ឥណ្ឌូណេស៊ី បន្តហាមឃាត់ការលក់ទូរស័ព្ទ iPhone 16 ក្នុងប្រទេសខ្លួន ទោះបី Apple បង្កើនការវិនិយោគដល់ ១០០លានដុល្លារ

អន្តរជាតិ

ប្រទេសឥណ្ឌូណេស៊ី កាលពីពេលថ្មីៗនេះ បាននិយាយថា សំណើវិនិយោគទឹកប្រាក់បន្ថែមរហូតដល់ ១០០លានដុល្លារពីក្រុមហ៊ុន Apple ដើម្បីសាងសង់រោងចក្រផលិតគ្រឿងបន្លាស់ គឺមិនទាន់គ្រប់គ្រាន់ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិកនេះ អាចលក់ទូរស័ព្ទ iPhone 16 ដែលជាជំនាន់ចុងក្រោយរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌូណេស៊ីបានវិញនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេសឥណ្ឌូណេស៊ី កាលពីខែវិច្ឆិកា បានហាមឃាត់ការលក់ទូរស័ព្ទ iPhone 16 របស់ក្រុមហ៊ុន Apple បន្ទាប់ពីពួកគេមិនបានបំពេញតាមតម្រូវការក្រុមហ៊ុនស្មាតហ្វូនដែលលក់នៅឥណ្ឌូណេស៊ីទាំងអស់ ចាំបាច់ត្រូវតែប្រើប្រាស់សមាធាតុផលិតក្នុងស្រុកយ៉ាងហោចណាស់ ៤០% ។ ស្របពេលរដ្ឋាភិបាលប្រទេសនៅតំបន់អាស៊ាននេះ ក៏បានហាមឃាត់ការលក់ទូរស័ព្ទ Google Pixel របស់ក្រុមហ៊ុន Alphabet ជុំវិញករណីដូចគ្នានេះផងដែរ។

ជុំវិញបញ្ហានេះ ក្រុមហ៊ុន Apple កាលពីសប្តាហ៍មុន បានផ្តល់សំណើវិនិយោគបន្ថែម ក្នុងចំនួនទឹកប្រាក់ ១០០លានដុល្លារ ក្នុងគោលបំណងដើម្បីលុបចោលការហាមឃាត់ និងអាចមានសិទ្ធិលក់ទូរស័ព្ទជំនាន់ចុងក្រោយរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌូណេស៊ីឡើងវិញ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Agus Gumiwang Kartasasmita រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ី បានប្រាប់សន្និសីទសារព័ត៌មួយកាលពីពេលថ្មីៗនេះថា សំណើសុំវិនិយោគរបស់ Apple ហាក់នៅតែមានកម្រិតតិចជាង បើធៀបទៅនឹងការវិនិយោគរបស់ក្រុមហ៊ុននេះ នៅក្នុងប្រទេសជិតខាងដូចជា វៀតណាម និងប្រទេសថៃ។

ទន្ទឹមនឹងនោះ លោក Agus Gumiwang បាននិយាយថា ៖ “យើងបានធ្វើការត្រួតពិនិត្យ និងវាយតម្លៃរួចរាល់អស់ហើយ ចំពោះសំណើវិនិយោគនេះ ប៉ុន្តែបានឃើញថា Apple មិនបានបំពេញតាមគោលការណ៍ត្រឹមត្រូវប្រកបដោយភាពយុត្តិធម៍នោះឡើយ”។

ជម្រាបជូនផងដែរថា Apple មិនមានរោងចក្រផលិតនៅក្នុងប្រទេសឥណ្ឌូណេស៊ីទេ ដោយចាប់តាំងពីឆ្នាំ២០១៨ មក ក្រុមហ៊ុនអាមេរិកមួយនេះ បានត្រឹមតែបោះទុនបង្កើតសាលា និងកម្មវិធីសិក្សាសម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធី នៅក្នុងប្រទេសនេះប៉ុណ្ណោះ៕