ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB កាលពីពេលថ្មីៗនេះ បានអនុម័តប្រាក់កម្ចីដោយផ្នែកលើគោលនយោបាយតម្លៃ ៥០០លានដុល្លារ ដើម្បីជួយពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសហ្វីលីពីន ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
នាយក ADB ប្រចាំប្រទេសហ្វីលីពីន លោក Pavit Ramachandran បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាពងាយរងគ្រោះខ្ពស់របស់ប្រទេសនេះ បានធ្វើឲ្យប៉ះពាល់ដល់សន្ទុះនៃកំណើនសេដ្ឋកិច្ច និងទស្សនវិស័យរបស់ខ្លួន។
ហ្វីលីពីន ដែលជាប្រទេសប្រជុំដោយកោះជាង ៧ ៦០០ ត្រូវបានចាត់ទុកថាជាប្រទេសដែលប្រឈមមុខនឹងហានិភ័យគ្រោះមហន្តរាយខ្ពស់បំផុត នៅលើពិភពលោក។ នេះបើយោងតាមរបាយការណ៍ទទួលបានពីស្ថាប័ន Global Risk គិតចាប់ពីឆ្នាំ២០២២ ដល់២០២៤។
យ៉ាងណាមិញ ជុំវិញការផ្តល់ប្រាក់កម្ចីចុងក្រោយរបស់ ADB នេះ នឹងជួយដល់ហ្វីលីពីន ក្នុងការបង្កើនល្បឿនកំណែទម្រង់ដើម្បីផ្លាស់ប្តូរវិស័យសំខាន់ៗដូចជា កសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ថាមពល និងការដឹកជញ្ជូន ឆ្ពោះទៅរកការធន់នឹងអាកាសធាតុ និងការប្រើប្រាស់កម្រិតកាបូនទាប។
ជម្រាបជូនថា ក្នុងឆ្នាំ២០២១ ហ្វីលីពីន បានសន្យាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចំនួន ៧៥% នៅត្រឹមឆ្នាំ២០៣០ ពោលគឺកើនឡើងពីគោលដៅ ៧០% ដែលបានកំណត់កាលពីបួនឆ្នាំមុន។
ទន្ទឹមនឹងនេះ នៅក្នុងឆ្នាំដដែលនោះ ADB ក៏បានប្រកាសផ្តល់ហិរញ្ញប្បទានដែលមានតម្លៃសរុបចំនួន ១០ពាន់លានដុល្លារ សម្រាប់ប្រទេសហ្វីលីពីនពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩ ដើម្បីគាំទ្រដល់ការដឹកជញ្ជូនដោយប្រើប្រាស់កម្រិតកាបូនទាប និងភាពធន់នឹងអាកាសធាតុ ផងដែរ៕