សេតវិមាន៖ គោលនយោបាលរបស់លោក ចូ បៃដិន ទាក់ទាញការវិនិយោគច្រើនជាង ១ទ្រីលានដុល្លារ

អន្តរជាតិ

យោងតាមសេតវិមាន បានបង្ហាញឲ្យដឹងកាលពីថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកាថា បណ្តាក្រុមហ៊ុនជាច្រើន បានសន្យាវិនិយោគក្នុងចំនួនទឹកប្រាក់ច្រើនជាង ១ទ្រីលានដុល្លារ នៅក្នុងឧស្សហកម្មរបស់សហរដ្ឋអាមេរិក ដូចជា បន្ទះឈីប Semiconductors និងថាមពលស្អាត បន្ទាប់ពីប្រធានាធិបតីលោក ចូ បៃដិន បានដាក់ចេញនូវគោលនយោបាយសំខាន់ៗ ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក បៃដិន បានបង្ហាញឲ្យដឹងថា ការវិនិយោគក្នុងអំឡុងរដ្ឋបាលរបស់លោក ត្រូវបានជំរុញដោយការដាក់ចេញច្បាប់ៗសំខាន់ចំនួន៣ ដូចជា ច្បាប់ហេដ្ឋារចនាសម្ព័ន្ធទ្វេបក្ស ច្បាប់ស្តីពីបន្ទះឈីប និងវិទ្យាសាស្រ្ត និងច្បាប់កាត់បន្ថយអតិផរណា ជាដើម។ លោក បានសង្កត់ធ្ងន់ទៀតថា ច្បាប់ទាំងនេះ បានជួយជំរុញរបៀបវារ:រចនាសម្ព័ន្ធ និងបង្កើតការងារបន្ថែមទៀត នៅទូទាំងប្រទេស។

មិនតែប៉ុណ្ណោះ លោក បៃដិន បាននិយាយថា ៖”យើងបានអនុម័តច្បាប់ជាច្រើន ដើម្បីកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរបស់យើង ក៏ដូចជាកសាងសេដ្ឋកិច្ចដោយផ្តោតលើថាមពលស្អាត និងនាំយកផលិតកម្មត្រលប់មកសហរដ្ឋអាមេរិកវិញ បន្ទាប់ពីការផ្លាស់ទីទៅក្រៅប្រទេសអស់ពេលជាច្រើន​ទសវត្ស​” ។

លោកបន្តទៀតថា៖”ការវិនិយោគនៅក្នុងឧស្សាហកម្មនៃអនាគតទាំងនេះ គឺអាចធានាបានថាអនាគតនឹងត្រូវបង្កើតឡើងនៅក្នុងសហរដ្ឋអាមេរិក ដោយកម្មករអាមេរិក។ ហើយច្បាប់ទាំងនេះ កំពុងបង្កើតឱកាសនៅក្នុងសហគមន៍ដាច់ស្រយាល ដែលភាគច្រើនត្រូវបានគេទុកចោល”។

គួរឲ្យដឹងផងដែរថា ការឧបត្ថម្ភធនដែលត្រូវបានផ្តល់ជូន នៅក្រោមច្បាប់ទាំងនេះ បានទាក់ទាញបណ្តាក្រុមហ៊ុនផលិតបន្ទះឈីប និងក្រុមហ៊ុនផ្សេងទៀតជាច្រើន ដើម្បីបង្កើត ឬពង្រីកកន្លែងផលិតនៅក្នុងសហរដ្ឋអាមេរិក។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការវិនិយោគនេះ ហាក់មិនគ្រប់គ្រាន់សម្រាប់រដ្ឋបាលលោក ចូ បៃដិន ដើម្បីបន្តអំណាចក្នុងសេតវិមាននោះឡើយ ក្រោយលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារដ្ឋ បានយកឈ្នះការបោះឆ្នោត កាលពីដើមខែនេះ៕