ក្រុមហ៊ុនសាជីវកម្មខ្នាតយក្សរបស់ឥណ្ឌា Adani Group បានរាយការណ៍នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកានេះថា ខ្លួនបានខាតបង់ទឹកប្រាក់សរុបជិត ៥៥ពាន់លានដុល្លារ នៅក្នុងទីផ្សារហ៊ុន ចាប់តាំងពីរដ្ឋអាជ្ញាសហរដ្ឋអាមេរិក បានចោទប្រកាន់មកលើស្ថាបនិករបស់ខ្លួនពីបទស៊ីសំណូក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ការចោទប្រកាន់នេះបានផ្ទុះឡើង កាលពីថ្ងៃទី២០ ខែវិច្ឆិកា នៅពេលដែលរដ្ឋាភិបាលទីក្រុងញូវយ៉ក បានចោទប្រកាន់លើមហាសេដ្ឋីលំដាប់កំពូលរបស់ឥណ្ឌា លោក Gautam Adani និងអ្នកក្រោមបង្គាប់ជាច្រើននាក់ទៀត ពីបទក្លែងបន្លំអ្នកវិនិយោគអន្តរជាតិដោយចេតនា ដែលជាផ្នែកមួយនៃគម្រោងសូកប៉ាន់។
យ៉ាងណាមិញ ក្រុមហ៊ុន Adani Group ដែលបានចេញមុខបដិសេធចំពោះការចោទប្រកាន់នេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ “ចាប់តាំងពីមានការចោទប្រកាន់ពីសំណាក់នាយកដ្ឋានយុត្តិធម៌របស់សហរដ្ឋអាមេរិកមក ក្រុមហ៊ុនបានទទួលរងការខាតបង់ជាទឹកប្រាក់សរុបជិត ៥៥ពាន់លានដុល្លារ នៅក្នុងមូលធននីយកម្មទីផ្សាររបស់ខ្លួន”។
ជម្រាបជូនផងដែរថា លោក Adani ត្រូវបានគេសង្ស័យថាបានចូលរួមក្នុងគម្រោងសូកប៉ាន់ដែលមានតម្លៃរហូតដល់ទៅ ២៥០លានដុល្លារអាមេរិក ដើម្បីទទួលបានកិច្ចសន្យាពីសំណាក់រដ្ឋាភិបាលឥណ្ឌា នៅក្នុងគម្រោងវិនិយោគជាច្រើន៕