ម៉ិកស៊ិក ព្រមានដាក់ពន្ធនាំចូលលើទំនិញអាមេរិកវិញ ដើម្បីជាសងសឹកលើផែនការដំឡើងពន្ធរបស់លោក ត្រាំ

អន្តរជាតិ

ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយកាលពីថ្ងៃទី២៦ ខែវិច្ឆិកាថា ម៉ិកស៊ិកនឹងដំឡើងពន្ធលើការនាំចូលទំនិញពីសហរដ្ឋអាមេរិកវិញ ប្រសិនបើប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ដាក់ចេញពន្ធ ២៥% លើការនាំចូលទំនិញរបស់ប្រទេសខ្លួននោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសន្និសីទសារព័ត៌មានមួយ លោកស្រី Sheinbaum បាននិយាយថា ៖”ប្រសិនបើសហរដ្ឋអាមេរិកបង្កើនពន្ធនាំចូលពីម៉ិកស៊ិក នោះម៉ិកស៊ិកក៏នឹងដំឡើងពន្ធនាំចូលពីអាមេរិក ផងដែរ”។

ជុំវិញការលើកឡើងរបស់លោកស្រី Sheinbaum បែបនេះបានកើតឡើង បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក លោក ត្រាំ បានគំរាមយកពន្ធនាំចូល ២៥% លើទំនិញរបស់ម៉ិកស៊ិក ក្នុងគោលបំណងទប់ស្កាត់ការហូរចូលនៃគ្រឿងញៀន និងជនចំណាកស្រុកឆ្លងកាត់ព្រំដែន មកកាន់ទឹកដីសហរដ្ឋអាមេរិក។

មិនតែប៉ុណ្ណោះ លោក ត្រាំ បានអះអាងថា ពន្ធទំនិញក្នុងអត្រាដ៏ខ្ពស់នេះ នឹងនៅតែមាន រហូតទាល់តែម៉ិកស៊ិក ដោះស្រាយបញ្ហាគ្រឿងញៀន និងជនភៀសខ្លួនឆ្លងដែនខុសច្បាប់ ដែលជាបញ្ហាកង្វល់របស់រដ្ឋបាលលោក។

ប៉ុន្តែទន្ទឹមនឹងនេះ លោកស្រី Sheinbaum បានបញ្ជាក់ថា បញ្ហាជនអន្តោប្រវេសន៍ឆ្លងដែនពីម៉ិកស៊ិក ទៅអាមេរិក លែងមាននៅក្បែរព្រំដែនទៀតហើយ។ មេដឹកនាំកំពូលរបស់ម៉ិកស៊ិករូបនេះ បានចោទថាគ្រឿងញៀន ជាបញ្ហារបស់សុខភាពសាធារណៈ និងការប្រើប្រាស់ក្នុងសង្គមអាមេរិកខ្លួនឯងនោះទេ។

ជម្រាបជូនផងដែរថា ក្រៅពីការដាក់ពន្ធ ២៥% លើផលិតផលទាំងអស់ដែលនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក លោក ត្រាំ ក៏បានប្រកាសយកពន្ធបន្ថែម ១០% លើទំនិញពីប្រទេសចិន ផងដែរ នៅពេលលោកចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកផ្លូវការភ្លាម៕