យោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវមួយដែលពាក់ព័ន្ធជាមួយរដ្ឋាភិបាល បានបង្ហាញឲ្យដឹងកាលពីថ្ងៃទី២៧ ខែវិច្ឆិកាថា ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុនបរទេស រួមទាំង iPhone របស់ក្រុមហ៊ុន Apple Inc នៅក្នុងទីផ្សារប្រទេសចិន បានធ្លាក់ចុះដល់ ៤៤,២% នៅក្នុងខែតុលា បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។
ផ្នែកតាមទិន្នន័យទទួលបានពីបណ្ឌិតសភាបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងចិន (CAICT) បានបង្ហាញថា ការលក់ស្មាតហ្វូនបរទេស នៅក្នុងប្រទេសចិន បានថយចុះមកត្រឹមចំនួន ៦,២២ លានគ្រឿងកាលពីខែមុន បើធៀបនឹងចំនួនលក់បាន ១១,១ លានគ្រឿង ក្នុងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។
គួរឲ្យដឹងថា Apple គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនបរទេសធំជាងគេ នៅក្នុងទីផ្សារប្រទេសចិន ប៉ុន្តែទោះជាយ៉ាងណា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ានេះ កំពុងប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងជាមួយនឹងក្រុមហ៊ុនក្នុងស្រុក ខណ:ពេលដែលខ្លួនមិនទាន់បានបើកឲ្យដំណើរការបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត Apple Intelligence នៅចិននៅឡើយទេ។
ជម្រាបជូនថា បើយោងតាមទិន្នន័យរបស់ CAICT បានបង្ហាញឲ្យដឹងទៀតថា ការលក់ស្មាតហ្វូនសរុបនៅក្នុងប្រទេសចិន បានកើនឡើង ១.៨% ដល់ចំនួនសរុប ២៩,៦ លានគ្រឿង ក្នុងខែតុលា៕