ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ប្រទេសអាល្លឺម៉ង់ Volkswagen កាលពីថ្ងៃទី២៧ ខែវិច្ឆិកា បានប្រកាសថានឹងលក់រាល់ប្រតិបត្តការរបស់ខ្លួនទាំងអស់ នៅក្នុងខេត្ត Xinjiang ប្រទេសចិន បន្ទាប់ពីបានរងសម្ពាធអស់រយ:ពេលជាច្រើនឆ្នាំ ដោយសារការប្តឹងផ្តល់ជុំវិញបទរំលោភសិទ្ធិមនុស្ស និងការបង្ខិតបង្ខំកម្មករឲ្យធ្វើការ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុន Volkswagen និង SAIC ដែលជាក្រុមហ៊ុនដៃគូក្នុងស្រុករបស់ពួកគេ នឹងលក់រោងចក្រនៅក្នុងខេត្ត Xinjiang ទាំងអស់ ទៅឲ្យក្រុមហ៊ុន Shanghai Motor Vehicle Inspection Certification (SMVIC) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ Shanghai Lingang Development Group គ្រប់គ្រងដោយរដ្ឋ កាន់កាប់ជំនួសវិញ។
គួរឲ្យដឹងផងដែរថា នៅក្រោមលក្ខខណ្ឌនៃតម្លៃកិច្ចព្រមព្រៀងមិនត្រូវបានបង្ហាញឲ្យដឹងនេះ ក្រុមហ៊ុន SMVIC ក៏នឹងកាន់កាប់រោងចក្រតេស្តសាងល្បងរបស់ Volkswagen ទាំងអស់ រួមទាំងនៅតំបន់ Turpan និង Anting របស់ទីក្រុងសៀងហៃផងដែរ។ ហើយបន្ទាប់ពីការលក់នេះ ក្រុមហ៊ុន Volkswagen នឹងលែងមានវត្តមាននៅខេត្ត Xinjiang ទៀតហើយ។
ជម្រាបជូនថា វត្តមានរបស់ក្រុមហ៊ុន Volkswagen នៅខេត្ត Xinjiang បានក្លាយជាបញ្ហាឈឺក្បាលដ៏ធំមួយសម្រាប់ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីក្រុមសិទ្ធិមនុស្ស បានចងក្រងឯកសារប្តឹងផ្តល់ជាច្រើន ជុំវិញការរំលោភបំពាន រួមទាំងករណីបង្ខិតបង្ខំកម្មករដែលជាជនជាតិភាគតិច Uyghur ឲ្យធ្វើការលើសកម្លាំង ផងដែរ៕