មហាសេដ្ឋីលំដាប់កំពូលរបស់ប្រទេសម៉ាឡេស៊ី លោក Ananda Krishnan ដែលជាអ្នកវិនិយោគដ៏ជោគជ័យបំផុតមួយលើអាជីវកម្មរាប់ចាប់ពីប្រេង និងឧស្ម័ន រហូតដល់ទូរគមនាគមន៍ បានទទួលមរណភាពក្នុងអាយុ ៨៦ឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុនឯកជនលោក Krishnan បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា មហាសេដ្ឋីម៉ាឡេស៊ីរូបនេះ បានលាចាកលោក ដោយសារវ័យចាស់ជរា។
លោក Krishnan ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយដោយឈ្មោះហៅក្រៅថា AK ដោយលោក មានភាគហ៊ុននៅក្នុងក្រុមហ៊ុនចម្រុះជាច្រើន ដូចជាប្រតិបត្តិករទូរគមនាគមន៍ធំបំផុតរបស់ម៉ាឡេស៊ី Maxis ទូរទស្សន៍ផ្កាយរណប Astro Malaysia និងក្រុមហ៊ុនផ្តល់សេវាអណ្តូងប្រេង Bumi Armada ។
ទន្ទឹមនឹងនេះ លោកក៏មានភាគហ៊ុននៅក្នុងក្រុមហ៊ុននៅក្រៅប្រទេសផ្សេងទៀត ដូចជាក្រុមហ៊ុន Aircel របស់ប្រទេសឥណ្ឌា និង SLMobitel របស់ប្រទេសស្រីលង្កាផងដែរ។
លោកក៏ធ្លាប់ធ្វើជាប្រធានផ្នែកប្រឹក្សានៅក្នុងក្រុមហ៊ុនប្រេងរដ្ឋ Petronas ផងដែរ។ Armada មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីពីរអាណត្តិ គឺលោក Mahathir Mohamad និងបានបញ្ចុះបញ្ចូលឲ្យសាងសង់ Petronas Tower ដែលអគារភ្លោះខ្ពស់បំផុតលើពិភពលោក នៅក្នុងទីក្រុង Kuala Lumpur នៅដើមទសវត្សឆ្នាំ១៩៩០ ។
ជម្រាបជូនផងដែរថា លោក Krishnan ជាមហាសេដ្ឋីមានបំផុតលំដាប់ទីប្រាំមួយរបស់ម៉ាឡេស៊ី ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ៥,១ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយពីទស្សនាវដ្តី Forbes ៕