ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បាននិយាយថា រដ្ឋាភិបាលរបស់លោកគ្រោងនឹងបិទរោងចក្រធ្យូងថ្មនៅក្នុងប្រទេសចោលទាំងអស់ ក្នុងរយ:ពេល ១៥ឆ្នាំខាងមុខ និងបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ។ នេះបើតាមចុះផ្សាយពីសារព័ត៌មាន Asia Financial។
យោងតាមរបាយការណ៍ពីសារព័ត៌មាន Associated Press ដែលបានដកស្រង់សម្តីរបស់លោក Subianto ក្នុងអំឡុងកិច្ចប្រជុំកំពូល G20 នៅក្នុងប្រទេសប្រេស៊ីល នាពេលថ្មីៗនេះ បាននិយាយថា៖ “ប្រទេសឥណ្ឌូណេស៊ីសម្បូរទៅដោយធនធានរ៉ែក្នុងដីជាច្រើន ហើយយើងគ្រោងនឹងបិទរោងចក្រថាមពលដែលប្រើដោយធ្យូងថ្ម និងឥន្ធនៈហ្វូស៊ីលទាំងអស់ក្នុងរយៈពេល ១៥ឆ្នាំខាងមុខ។ ផែនការរបស់យើងនេះ ក៏នឹងរួមបញ្ចូលទាំងការកសាងសមត្ថភាពប្រើប្រាស់ថាមពលកកើតឡើងវិញ ឲ្យលើសពីចំនួន ៧៥ជីហ្គាវ៉ាត់ ក្នុងពេលបច្ចុប្បន្ន ផងដែរ”។
ទន្ទឹមនឹងនេះ លោក Subianto មានសុទិដ្ឋិនិយមថាប្រទេសឥណ្ឌូណេស៊ី នឹងសម្រេចបាននូវការបំភាយឧស្ម័នកាបូនកម្រិតសូន្យ នៅត្រឹមឆ្នាំ២០៥០ ពោលគឺលឿនជាង ១០ឆ្នាំ បើធៀបទៅនឹងការប្តេជ្ញាចិត្តពីមុនរបស់រដ្ឋាភិបាលទីក្រុងហ្សាកាតា។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញខាងផ្នែកថាមពល និងសកម្មជនបរិស្ថាន នៅតែមានការងឿងឆ្ងល់ជុំវិញការសម្រេចបាននូវគោលដៅដ៏ធំនេះ ព្រោះថាឥណ្ឌូណេស៊ី គឺជាប្រទេសមួយក្នុងចំណោមអ្នកប្រើប្រាស់ធ្យូងថ្មធំជាងគេរបស់ពិភពលោក ជាមួយនឹងរោងចក្រថាមពលធ្យូងថ្មសរុបជាង ២៥០ ហើយកំពុងត្រូវបានសាងសង់ និងដំណើរការនៅក្នុងសួនឧស្សាហកម្មសំខាន់ៗរបស់ខ្លួន។
ជម្រាបជូនថា ក្នុងឆ្នាំ២០២២ វិស័យថាមពលរបស់ប្រទេសឥណ្ឌូណេស៊ី បានបញ្ចេញកាបូនឌីអុកស៊ីតជាង ៦៥០ លានតោន ដែលឲ្យប្រទេសនេះ ក្លាយជាអ្នកបញ្ចេញឧស្ម័ន CO2 ខ្ពស់បំផុតទីប្រាំពីររបស់ពិភពលោក។ នេះបើយោងតាមរបាយការណ៍ពីទីភ្នាក់ងារថាមពលអន្តរជាតិ៕