ប្រធានាធិបតីជាប់ឆ្នោតមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយកាលពីចុងសប្តាហ៍មុនថា លោកចង់ឲ្យអតីតមន្ត្រីសន្តិសុខជាតិ និងជាមនុស្សដ៏ជំនិតរបស់ខ្លួន គឺលោក Kash Patel ទៅដឹកនាំ FBI ខណ:ការប្រកាសនេះ ហាក់កំពុងបង្ហាញពីចេតនារបស់លោក ត្រាំ ក្នុងការបណ្តេញនាយកការិយាល័យ FBI បច្ចុប្បន្ន គឺលោក Christopher Wray ចេញពីតួនាទីនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
លោក Patel ដែលធ្លាប់កាន់តំណែងជាអ្នកផ្តល់ប្រឹក្សាទាំងនៅក្នុងនាយកដ្ឋានស៊ើបការណ៍ជាតិ និងលេខាធិការការពារជាតិ ក្នុងអំឡុងអាណត្តិដំបូងរបស់លោក ត្រាំ ធ្លាប់បានអំពាវនាវឲ្យមានការរៀបចំ FBI ឡើងវិញ និងលុបបំបាត់បុគ្គលិកណាដែលមិនព្រមគាំទ្ររបៀបវារៈរបស់លោក ត្រាំ ផងដែរ។
ទន្ទឹមនឹងនេះ លោកបាននិយាយនៅក្នុងបទសម្ភាសមួយកាលពីខែកញ្ញា នៅលើកម្មវិធី Shawn Ryan Show ថា ៖”បញ្ហាដ៏ធំបំផុតរបស់ FBI គឺស្ថិតនៅផ្នែកស៊ើបការណ៍សម្ងាត់របស់ពួកគេ។ ខ្ញុំនឹងបំបែកសមាសធាតុទាំងនោះចេញ។ ខ្ញុំនឹងបិទអគារ FBI Hoover នៅថ្ងៃណាមួយ ហើយបើកវាឡើងវិញទៅជាសារមន្ទីរ។ ហើយខ្ញុំនឹងបញ្ជូនបុគ្គលិក ៧ ពាន់នាក់ ដែលធ្វើការនៅក្នុងអគារនោះ ទៅទូទាំងសហរដ្ឋអាមេរិក ដើម្បីដេញចាប់ឧក្រិដ្ឋជន ជាជាងអង្គុយតែក្នុងការិយាល័យ ព្រោះពួកគេគឺជាប៉ូលីស”។
បញ្ជាក់ផងដែរថា ជុំវិញផែនការតែងតាំងលោក Patel ឲ្យដឹងនាំ FBI នេះ ហាក់បង្ហាញថា លោក ត្រាំ កំពុងត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការបណ្តេញលោក Christopher Wray ចេញពីតំណែង បើទោះបីជាលោកជាសមាជិកមក្សសាធារណរដ្ឋ និងត្រូវបានផ្តល់តួនាទីដោយលោកត្រាំ ផ្ទាល់ កាលពីក្នុងអណត្តិដំបូងរបស់លោកក៏ដោយ។ សម្រាប់អាណត្តិរយ:ពេល ១០ឆ្នាំនៅ FBI របស់លោក Wray នៅមិនទាន់បញ្ចប់នៅឡើយនោះទេ ពោលគឺរហូតដល់ឆ្នាំ២០២៧ ឯណោះ៕