យោងតាមមន្ទីរបញ្ចកោណ បាននិយាយកាលពីពេលថ្មីៗនេះ ក្រសួងការបរទេសអាមេរិក បានអនុម័តកិច្ចព្រមពៀងលក់សព្វាវុធថ្មីបន្ថែម ដោយក្នុងនោះរួមមានសម្ភារ:គ្រឿងបង្គំរបស់យន្តហោះចម្បាំង F-16 និងប្រព័ន្ធការពារមីស៊ីល ទៅឲ្យកោះតៃវ៉ាន់ ក្នុងតម្លៃប៉ាន់ស្មានសរុប ៣៨៥លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
កិច្ចព្រមព្រៀងលក់គ្រឿងសព្វាវុធអាមេរិកទៅឲ្យកោះតៃវ៉ាន់នេះ ត្រូវបានចាត់ទុកថាជាការផ្តល់មធ្យោបាយការពារខ្លួនរបស់ដែនកោះនេះ ចំពេលកំពុងទទួលរងសម្ពាធកាន់តែខ្លាំង ពីសំណាក់រដ្ឋាភិបាលទីក្រុងប៉េកាំង ដែលបន្តទាមទារតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។
គួរឲ្យដឹងផងដែរថា ប្រទេសចិន បាននិងកំពុងបង្កើនសម្ពាធយោធាប្រឆាំងនឹងតៃវ៉ាន់ កាន់តែខ្លាំងឡើង រួមទាំងការធ្វើសមយុទ្ធយោធាចំនួនពីរលើករួចមកហើយ ក្នុងឆ្នាំនេះ ស្របពេលមានរបាយការណ៍ថា ទីក្រុងប៉េកាំង អាចនឹងរៀបចំសមយុទ្ធបន្ថែមទៀត ចំពេលមានដំណើរទស្សនកិច្ចរបស់ប្រធានធិបតីតៃវ៉ាន់ លោក Lai Ching-te នៅកាន់តំបន់ប៉ាស៊ីហ្វិក ដែលរួមមានទាំងការឈប់សម្រាកនៅកោះ Hawaii និង Guam ដែលជាទឹកដីរបស់សហរដ្ឋអាមេរិក ផងដែរ។
ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណ បានបញ្ជាក់ថា គ្រឿងសព្វាវុធដែលអាមេរិកលក់ឲ្យតៃវ៉ាន់ រួមមាន គ្រឿងបរិក្ខារសង្គ្រាម, សម្ភារៈគ្រឿងបង្គំរបស់យន្តហោះចម្បាំងល្បឿនលឿន F-16 របស់អាមេរិក ប្រព័ន្ធខែលការពារមីស៊ីល ព្រមទាំងប្រព័ន្ធទាក់ទងវិស័យយោធា ដែលមានតម្លៃទឹកប្រាក់សរុបប្រមាណ ៣៨៥លានដុល្លារ៕