រុស្ស៊ី ​ខាតបង់ទឹកប្រាក់ជាង ៣ពាន់លានដុល្លារ ក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន នៅខែវិច្ឆិកា

អន្តរជាតិ

យោងតាមក្រសួងការពារជាតិអ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃទី១ ខែធ្នូកន្លងទៅថា រុស្ស៊ីបានទទួលរងការខាតបង់ក្នុងចំនួនកំណត់ត្រាខ្ពស់បំផុត ទាំងលើសម្ភារ:យោធា និងទាហានរបស់ខ្លួន នៅក្នុងខែវិច្ឆិកា ជុំវិញការ​បង្ក​សង្គ្រាមប្រឆាំងទៅនឹងអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Kyiv Independent។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបាត់បង់ចំនួនទាហានរបស់រុស្ស៊ី នៅក្នុងសមរភូមិជួរមុខ បានកើនឡើងយ៉ាងខ្លាំង កាលពីខែមុន ខណៈពេលរដ្ឋាភិបាលទីក្រុងម៉ូស្គូ បន្តវាយលុកចូលកាន់តែជ្រៅទៅកាន់តំបន់ Donetsk ក្នុងគោលបំណងគ្រប់គ្រងទីក្រុង Pokrovsk និង Kurakhove នៅក្នុងប្រទេសអ៊ុយក្រែន។

នៅក្នុងខែវិច្ឆិកា ទាហានរុស្ស៊ីសរុបចំនួន ៤៥ ៧២០ នាក់ ត្រូវបានរាយការណ៍ថាបានរងរបួស ស្លាប់ ឬត្រូវបានចាប់ខ្លួន។ ខណ:នៅក្នុងខែដដែលនេះ កងកម្លាំងអ៊ុយក្រែន ក៏បានបំផ្លាញសព្វាវុធរបស់រុស្ស៊ីអស់ជាច្រើនផងដែរ ដោយក្នុងនោះរួមមានរថក្រោះចំនួន ៣០៧ គ្រឿង រថពាសដែក ៨៩៩ គ្រឿង និងកាំភ្លើងធំចំនួន ៨៨៤ ដើម។

ទន្ទឹមនឹងនេះ បើតាមការគណនារបស់ក្រសួងការពារជាតិអ៊ុយក្រែន បានបង្ហាញឲ្យដឹងទៀតថា អាវុធ និង​បរិក្ខារ​សម្រាប់ធ្វើសង្គ្រាមរបស់រុស្ស៊ីដែលបានបាត់បង់ក្នុងខែវិច្ឆិកា ត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃសរុបជាង ៣ពាន់លានដុល្លារ ដែលជាចំនួនច្រើនជាង កាលពីខែកញ្ញា និងខែតុលា។

មិនតែប៉ុណ្ណោះ យោងតាមអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានរាយការណ៍ទៀតថា គិតត្រឹមព្រឹកថ្ងៃទី១ ខែធ្នូ ចាប់តាំងពីកើតមានសង្គ្រាមមក រុស្ស៊ីបានបាត់បង់កងកម្លាំងសរុបចំនួន ៧៤២ ១៣០ នាក់ ដែលនេះមានន័យថាក្នុងមួយថ្ងៃ ពួកគេបានបាត់ទាហានប្រហែល ១ ៧៣០ នាក់៕