អាមេរិក ចាប់ផ្តើមយកពន្ធគយលើបន្ទះសូឡា ដែលនាំចូលពីប្រទេសអាស៊ីអាគេ្នយ៍ចំនួនបួន រួមទាំងកម្ពុជា

អន្តរជាតិ

យោងតាមមន្ត្រីពាណិជ្ជកម្មអាមេរិក បានប្រកាសកាលពីពេលថ្មីៗនេះថា ផែនការយកពន្ធគយថ្មីលើការនាំចូលបន្ទះសូឡា ពីប្រទេសនៅក្នុងតំបន់អាស៊ីអាគេ្នយ៍ចំនួនបួន រួមទាំងកម្ពុជា បានចាប់ផ្តើមហើយ បន្ទាប់ពីមានការត្អូញត្អែរជាច្រើនពីសំណាក់ក្រុមហ៊ុនផលិតរបស់អាមេរិក ថាទំនិញដែលនាំចូលពីតំបន់នោះមានតម្លៃថោក និងធ្វើឲ្យខូចដល់ទីផ្សារសកល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការសម្រេចចិត្តយកពន្ធលើការនាំចូលផលិតផលបន្ទះសូឡានេះ ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃផែនការរបស់នាយកដ្ឋានពាណិជ្ជកម្មរបស់ប្រធានាធិបតី ចូ បៃដិន ក្នុងគោលបំណងការពារផលប្រយោជន៍របស់ក្រុមហ៊ុនផលិតបន្ទះសូឡាខ្នាតធំ និងអ្នកផលិតតូចៗជាច្រើន នៅសហរដ្ឋអាមេរិក។

​គួរឲ្យដឹងផងដែរថា កន្លងមកគណៈកម្មាធិការ​ពាណិជ្ជកម្ម​នៃ​សម្ព័ន្ធ​អាមេរិក​សម្រាប់​ការ​ផលិត​បន្ទះសូឡា​ បាន​ចោទប្រកាន់ទៅលើ​ក្រុមហ៊ុន​ផលិត​បន្ទះ​សូឡា​ធំៗ​​របស់​ចិនដែលមានរោងចក្រក្នុងប្រទេសតំបន់អាស៊ាន ដូចជាម៉ាឡេស៊ី កម្ពុជា វៀតណាម និង​ថៃ​ ថា​បាន​ធ្វើ​ឲ្យ​តម្លៃ​បន្ទះសូឡាសកល​ធ្លាក់​ចុះ​ ជាមួយនឹងនាំចេញផលិតរបស់ខ្លួនច្រើនលើសលប់ពេក ដែលបានធ្វើឲ្យខូតដល់ការប្រកួតប្រជែងដោយយុត្តិធម៌។

យោងតាមសេចក្តីសម្រេចបឋមដែលបានបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទីភ្នាក់ងារនេះបានគណនាពន្ធគយបន្ថែមលើការនាំចូលបន្ទះសូឡា ក្នុងចន្លោះពី ២១,៣% ទៅ ២៧១,២% ពីប្រទេសកម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម។

ជម្រាបជូនផងដែរថា បន្ទះសូឡាដែលបានដំឡើងនៅសហរដ្ឋអាមេរិក ភាគច្រើនត្រូវបានផលិតនៅក្រៅប្រទេស ហើយការនាំចូលសរុបប្រហែល ៨០% គឺមកពីប្រទេសក្នុងតំបន់អាស៊ានចំនួនបួនខាងលើ៕