ក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសថៃ និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅខែមករា ឆ្នាំក្រោយ ជាមួយនឹងគោលដៅបង្កើនឱកាសនាំចេញ និងទាក់ទាញអ្នកវិនិយោគអឺរ៉ុបកាន់តែច្រើន មកកាន់ប្រទេសថៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។
រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោក Pichai Naripthaphan បានប្រកាសពីការចរចាដោយជោគជ័យ សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសថៃ និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលរួមមានប្រទេសស្វីស ន័រវេស អ៊ីស្លង់ និងលិចតិនស្តាញ។
លោក Pichai បាននិយាយទៀតថា កិច្ចព្រមព្រៀងនេះគឺជាជំហានដ៏សំខាន់មួយក្នុងការខិតខំប្រឹងប្រែងរបស់ប្រទេសថៃ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ពង្រីកឱកាសនាំចេញ និងទាក់ទាញការវិនិយោគពីបរទេស ស្របតាមការណែនាំរបស់នាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra ដើម្បីបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ។
គួរឲ្យដឹងផងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីនេះ នឹងគ្របដណ្តប់លើវិស័យចំនួន ១៥ ដូចជាពាណិជ្ជកម្មទំនិញ ទំនិញប្រភពដើម ការសម្របសម្រួលពាណិជ្ជកម្ម សេវាកម្ម ការវិនិយោគ កម្មសិទ្ធិបញ្ញា លទ្ធកម្មសាធារណៈ ការប្រកួតប្រជែង និរន្តរភាព និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។
ជម្រាបជូនថា ពាណិជ្ជកម្មរវាងប្រទេសថៃ និងសមាគម EFTA ចាប់ពីខែមករា ដល់ខែតុលាឆ្នាំ២០២៤ នេះ បានកើនឡើងលើសពី ១០ពាន់លានដុល្លារ ដែលស្មើនឹង ២,០៣% នៃពាណិជ្ជកម្មសរុបរបស់ប្រទេសថៃ និងកើនឡើង ២៣,២២% បើធៀបទៅនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន៕