អំឡុងធ្វើបទសម្ភាសន៍ជាមួយ The Wall Street Journal សហស្ថាបនិកក្រុមហ៊ុន Tesla លោក JB Straubel បានលើកឡើងថា ក្រុមហ៊ុនកែច្នៃអាគុយរថយន្តអគ្គិសនីលក្ខណៈ Start up មានឈ្មោះថា Redwood Materials របស់លោក នឹងអាចរកចំណូលបានប្រហែល ២០០លានដុល្លារនៅឆ្នាំនេះ។
លោក Straubel បានបើកដំណើរក្រុមហ៊ុន Redwood Materials កាលពីអំឡុងឆ្នាំ២០១៧ ដើម្បីកែច្នៃឡើងវិញ ដោយសំដៅលើការទាញយកវត្ថុធាតុដើមពីថ្មដែលគេប្រើប្រាស់រួច ហើយបញ្ជូនវាទៅធ្វើផលិតកម្មឡើងវិញ ដើម្បីកើតចេញជាផលិតផលថ្មីមួយដែលអាចប្រើប្រាស់បានម្តងទៀត ដោយក្រុមហ៊ុនមានមូលដ្ឋានស្ថិតនៅភាគខាងជើងនៃរដ្ឋ Nevada មួយនេះ សង្ឃឹមថាអាចកាត់បន្ថយការជីកយករ៉ែ ហើយអាចជំរុញឲ្យមាននិរន្តរភាពនៃឧស្សាហកម្ម EV។
កាសែត The Journal បានរាយការណ៍ថា ក្រុមហ៊ុន Redwood Materials បានទាញយកសារធាតុនីកែល និងលីចូមពីអាគុយដែលគេបានប្រើប្រាស់ហើយ ដើម្បីផលិតអាគុយលីចូម-អ៊ីយ៉ុង ២០ជីហ្គាវ៉ាត់ម៉ោង ឬប្រហែលស្មើនឹងការផ្គត់ផ្គង់ដល់រថយន្តអគ្គិសនីប្រមាណ ២៥០ ០០០គ្រឿង ខណៈនាថ្ងៃខាងមុខ ក្រុមហ៊ុនក៏មានគោលបំណងផលិតទុកផ្គត់ផ្គង់ដល់រថយន្តឲ្យបាន ១លានគ្រឿងក្នុងមួយឆ្នាំផងដែរ។
សូមជម្រាបថា រថយន្តដែលប្រើប្រាស់អគ្គិសនី កំពុងទទួលបានប្រជាប្រិយភាពខ្លាំងនៅប្រទេសចិន ដែលក្រុមហ៊ុន Automobility បានបញ្ជាក់ឲ្យដឹងថា ចំណែក២៧% នៃការលក់រថយន្តថ្មីក្នុងឆ្នាំ២០២២ គឺជាប្រភេទប្រើប្រាស់អគ្គិសនី៕