មហាសេដ្ឋីកំពូលឥណ្ឌូណេស៊ី គ្រោងបង្កើតសួនកម្សាន្ត និងទីលានប្រណាំងរថយន្ត F1 នៅក្នុងគម្រោងតម្លៃ ១៦ពាន់លានដុល្លាររបស់ខ្លួន

អន្តរជាតិ

មហាសេដ្ឋីកំពូលរបស់ប្រទេសឥណ្ឌូណេស៊ី លោក Sugianto Kusuma ដែលជាប្រធាន និងជាម្ចាស់ក្រុមហ៊ុន PT Pantai Indah Kapuk Dua កាលពីពេលថ្មីៗនេះ កំពុងស្ថិតនៅក្នុងការពិភាក្សាជាមួយដៃគូមកពីប្រទេសចិន និងសិង្ហបុរី ដើម្បីសាងសង់កំពង់ផែ សួនកម្សាន្ត និងរួមទាំងទីលានប្រណាំងរថយន្ត F1 នៅក្នុងគម្រោងអលចនទ្រព្យតម្លៃដល់ទៅ ១៦ពាន់លានដុល្លាររបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Sugianto Kusuma បាននិយាយទៀតថាក្រុមហ៊ុនរបស់ខ្លួន ប្រហែលជាត្រូវការទឹកប្រាក់លើសពី ៥ទ្រីលានរូពៀ (៣១៤លានដុល្លារ) នៅក្នុងការចំណាយមូលធននៅឆ្នាំក្រោយ ដើម្បីបំពេញផែនការពង្រីកគម្រោងដ៏ធំរបស់ខ្លួនមួយនេះ។

លោក Kusuma មានមហិច្ឆតាចង់អភិវឌ្ឍទីក្រុងថ្មីមួយមានឈ្មោះថា Pantai Indah Kapuk Dua ដោយមានទីតាំងស្ថិតនៅភាគខាងជើងទីក្រុងហ្សាកាតា។ ហើយគម្រោងអចលនទ្រព្យដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយនៅក្នុងស្រុកថា PIK 2 នេះ បច្ចុប្បន្នមានតម្លៃប៉ាន់ស្មានសរុបប្រហែល ១៦ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ លោក Kusuma បាននិយាយថា ៖”វានឹងត្រូវការការចំណាយដ៏ច្រើន ដើម្បីអភិវឌ្ឍលើគម្រោងនេះ ប៉ុន្តែយើងនឹងមិនសាងសង់អ្វីៗគ្រប់យ៉ាង ក្នុងពេលតែមួយនោះទេ ពោលគឺចាប់ពីបន្តិចម្តងៗ។ នេះមិនមែនជាគម្រោងដែលមានរយៈពេលខ្លីទេ។ គម្រោងនេះនឹងមិនបញ្ចប់ទៅត្រឹមខ្ញុំនោះឡើយ ហើយប្រហែល​អ្នក​ជំនាន់​ក្រោយ​អាច​បន្ត​វា​បាន។ ប៉ុន្តែបច្ចុប្បន្ន​យើង​ចង់​ដាក់​គ្រឹះ​វាជា​មុន​សិន”។

ជម្រាបជូនផងដែរថា លោក Kusuma បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ ១០,៣ពាន់លានដុល្លារ ដោយធ្វើឲ្យលោកជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីមានដាច់គេបំផុតទី៥ របស់ប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes៕