លោក ត្រាំ ព្រមានយកពន្ធ ១០០% លើក្រុមប្រទេស BRICS បើហ៊ានបង្កើតប្រព័ន្ធទូទាត់ថ្មីជំនួសប្រាក់ដុល្លារ

អន្តរជាតិ

ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានគំរាមយកពន្ធ ១០០% ពីបណ្តាប្រទេសក្រុម BRICS ប្រសិនបើពួកគេបង្កើតរូបិយប័ណ្ណថ្មី ឬគាំទ្រជម្រើសរូបិយប័ណ្ណណាមួយផ្សេងទៀត ដើម្បីបម្រើដល់ការទូទាត់ពាណិជ្ជកម្ម ជំនួសប្រាក់ដុល្លារអាមេរិកនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងថារដ្ឋាភិបាលទីក្រុងមូស្គូ បាននឹងកំពុងស្វែងរកការបញ្ចុះបញ្ចូលសមាជិកក្រុម BRICS ផ្សេងទៀត ដែលរួមមានចិន ឥណ្ឌា ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង ឲ្យបង្កើតរូបិយប័ណ្ណថ្មីដើម្បីជំនួសប្រាក់ដុល្លារ ដោយសារក្រុមហ៊ុនសំខាន់ៗត្រូវបានរងការវាយប្រហារដោយសារទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។

កាលពីខែមុន ប្លុកនេះបានជួបប្រជុំគ្នានៅទីក្រុង Kazan ក្នុងប្រទេសរុស្ស៊ី ដើម្បីពិភាក្សាជុំវិញការបង្កើតប្រព័ន្ធទូទាត់ថ្មីសម្រាប់ក្រុម BRICS ដោយរដ្ឋាភិបាលទីក្រុងម៉ូស្គូ បានស្នើឲ្យមានការប្រើប្រាស់រូបិយប័ណ្ណរួមមួយ ដោយផ្អែកលើបណ្តាញធនាគារពាណិជ្ជដែលភ្ជាប់គ្នាទៅវិញទៅមកតាមរយៈធនាគារកណ្តាលរបស់ប្រទេសជាសមាជិក។

តាមរយ:ការជំរុញនេះ លោក Trump បានចេញសារព្រមាននៅលើបណ្តាញសង្គម Truth Social របស់ខ្លួន ដោយនិយាយថា៖ “យើងទាមទារឲ្យមានការប្តេជ្ញាចិត្តពីបណ្តាប្រទេសក្នុងប្លុកនេះ ថាពួកគេនឹងមិនបង្កើតរូបិយប័ណ្ណ BRICS ថ្មី ឬជ្រើសយករូបិយប័ណ្ណណាមួយផ្សេងទៀតដើម្បីជំនួសប្រាក់ដុល្លារអាមេរិកនោះឡើយ បើមិនដូច្នេះទេ នោះពួកគេនឹងប្រឈមមុខនឹងការដាក់ពន្ធ ១០០% ហើយប្រទេសណាដែលប៉ុនប៉ងធ្វើបែបនេះ គួរតែចាកចេញពីទីផ្សារអាមេរិកទៅ”។

ជម្រាបជូនផងដែរថា ជុំវិញការលើកឡើងរបស់លោក ត្រាំ បែបនេះ ហាក់កាន់តែដាក់សម្ពាធបន្ថែមទៀត ចំពេលមានការព្រួយបារម្ភអំពីការគំរាមកំហែងលើផែនការពន្ធថ្មី ដែលប្រធានាធិបតីជាប់ឆ្នោតរូបនេះ បានប្រកាសចេញកាលពីខែមុន៕