លោក ត្រាំ គ្រោងធ្វើដំណើរទៅក្រៅប្រទេសជាលើកដំបូង ចាប់តាំងពីឈ្នះឆ្នោតជាប្រធានាធិបតី

អន្តរជាតិ

ប្រធានាធិបតីជាប់ឆ្នោតអាណត្តិថ្មីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងធ្វើដំណើរចេញពីប្រទេសជាលើកដំបូង នៅចុងសប្តាហ៍នេះ ដោយនឹងចូលរួមក្នុងការបើកដំណើរការឡើងវិញនៃវិហារ Notre Dame ក្នុងទីក្រុងប៉ារីស ប្រទេសបារាំងដែលត្រូវបានបំផ្លាញដោយភ្លើងឆេះ កាលពីឆ្នាំ២០១៩។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



អគារដែលមានអាយុកាល ៨៥០ឆ្នាំនេះ នឹងចាប់ផ្តើមបើកទទួលស្វាគមន៍អ្នកចូលទស្សនា និងអ្នកថ្វាយបង្គំម្តងទៀត នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ សប្តាហ៍នេះ ស្របពេលមេដឹកនាំពិភពលោកជាច្រើនរូប ត្រូវបានរំពឹងទុកថានឹងចូលរួមជាភ្ញៀវដំបូង ក្រោយចំណាយពេលសាងសង់ឡើងវិញអស់ជាយូរ។

ទន្ទឹមនឹងនេះ លោក ត្រាំ បាននិយាយនៅលើបណ្តាញសង្គមរបស់ខ្លួនថា ៖”វាជាកិត្តិយសក្នុងការប្រកាសថា ខ្ញុំនឹងធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃសៅរ៍ ដើម្បីចូលរួមការបើកដំណើរការឡើងវិញនៃវិហារ Notre Dame ដ៏អស្ចារ្យ និងជាប្រវត្តិសាស្ត្រ ដែលត្រូវបានស្តារឡើងវិញទាំងស្រុង បន្ទាប់ពីភ្លើងឆេះដ៏សន្ធោសន្ធៅកាលពីប្រាំឆ្នាំមុន” ។

បន្ថែមពីនោះ លោក ត្រាំ ក៏បានបង្ហាញការកោតសរសើរចំពោះកិច្ចប្រឹងប្រែង របស់រដ្ឋាភិបាលប្រធានាធិបតីបារាំង លោក Emmanuel Macron ក្នុងការស្តារជួសជុល ព្រះវិហារគ្រឹស្តបុរាណមួយនេះ ឡើងវិញ។



ជម្រាបជូនផងដែរថា ក្រុមហ៊ុនចំនួន ២៥០ និងអ្នកជំនាញរាប់រយនាក់ត្រូវបាននាំយកមកសម្រាប់ការងារជួសជុលវិហារ Notre Dame ឡើងវិញ ដែលត្រូវបានគេប៉ាន់ប្រមាណថាចំណាយទឹកប្រាក់អស់ប្រហែល ៧០០លានអឺរ៉ូ (ជាង ៧៥០លានដុល្លារអាមេរិក)៕