ថៃ ខាតបង់ទឹកប្រាក់ជិត ៦០០លានដុល្លារ ដោយសារគ្រោះទឹកជំនន់បំផ្លាញចម្ការកៅស៊ូ នៅខេត្តភាគខាងត្បូង

អន្តរជាតិ

យោងតាមអាជ្ញាធរកៅស៊ូថៃ (RAT) បានឲ្យដឹងថា គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលបានវាយប្រហារមកលើខេត្តចំនួនប្រាំ ស្ថិតនៅភាគខាងត្បូងរបស់ប្រទេសថៃ កាលពីសប្តាហ៍មុន អាចបណ្តាលឲ្យមានការខាងបង់ជាទឹកប្រាក់ដល់ទៅ ២០ពាន់លានបាត (៥៨០លានដុល្លារ) ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



លោក Sukthat Tangwiriyakul អភិបាលស្តីទីនៃអាជ្ញាធរកៅស៊ូថៃ បាននិយាយថា ទឹកជំនន់ដ៏អាក្រង់នៅខេត្ត Songkhla, Satun, Pattani, Yala និង Narathiwat បានបំផ្លិចបំផ្លាញចំការកៅស៊ូជាង ៥លានរ៉ៃ (ឬស្មើនឹង ៨ សែនហិកតា) ។

ទន្ទឹមនឹងនេះ RAT បានប៉ាន់ប្រមាណទៀតថា កសិករនឹងមិនអាច​ចៀរ​ដើមកៅស៊ូរបស់ពួកគេក្នុងរយៈពេលមួយខែកន្លះទៀត ទាន់នោះឡើយ ដែលនឹងធ្វើឲ្យខាតបង់ប្រាក់ចំណូលប្រហែល ២០ពាន់លានបាត ខណ:ការ​ប៉ាន់​ស្មាននេះ ​គឺ​ផ្អែក​លើ​តម្លៃ​ជ័រ​បច្ចុប្បន្ន ៦៥បាត​ក្នុង​មួយ​គីឡូក្រាម។

មិនតែប៉ុណ្ណោះ លោក Sukthat បានបន្ថែមថា ទីភ្នាក់ងាររបស់លោកនឹងផ្តល់សំណងចំនួនជាទឹកប្រាក់ចំនួន ៣ពាន់បាត ដល់កសិករដែលបានចុះបញ្ជី​ចម្ការ​របស់ពួកគេជាមួយ RAT ស្របពេលអាជ្ញាធរខេត្តនីមួយៗដែលទទួលរងគ្រោះ ក៏នឹងទទួលបានថវិកាសង្គ្រោះបន្ទាន់ចំនួន ១០ម៉ឺនបាត ក្នុងមួយខេត្ត ដើម្បីចែកជូន​សម្ភារ​ចាំបាច់ដល់ជនរងគ្រោះដោយសារទឹកជំនន់នេះ ផងដែរ៕