ទីបំផុត ប្រធានាធីបតីកូរ៉េខាត្បូង ប្រកាសដកចេញច្បាប់អាជ្ញាសឹកវិញ ក្រោយត្រូវសភាបោះឆ្នោតប្រឆាំង

អន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅព្រឹកថ្ងៃពុធនេះ បានប្រកាសដកចេញច្បាប់អាជ្ញាសឹករបស់ខ្លួនវិញហើយ ពោលគឺនៅត្រឹមប៉ុន្មានម៉ោងក្រោយប៉ុណ្ណោះ បន្ទាប់ពីត្រូវបានបោះឆ្នោតបដិសេធដោយសមាជិកសភា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងថា ប្រធានាធិបតីលោក Yoon បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយប្រកាសច្បាប់អាជ្ញាសឹកយ៉ាងបន្ទាន់បំផុត កាលពីយប់ថ្ងៃអង្គារ ដោយអះអាងពីភាពចាំបាច់ក្នុងការការពារប្រទេសពីក្រុមបក្សប្រឆាំងដែលឃុបឃិតជាមួយកូរ៉េខាងជើង។

តែទោះជាយ៉ាងណាក៏ដោយ ប៉ូលីស និងយោធា ត្រូវបានគេមើលឃើញថា បានចាប់ផ្តើមចាកចេញពីទីធ្លានៃរដ្ឋសភា បន្ទាប់ពីការបោះឆ្នោតបដិសេដដោយសមាជិកសភាភាគច្រើន លើការច្បាប់គ្រងគ្រងយោធារបស់ប្រធានាធិបតីរូបនេះ រហូតឈានដល់ការដកចេញជាផ្លូវការ នៅម៉ោង ៤:៣០ ព្រឹក ក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបន្ទាន់មួយ។

គួរឲ្យដឹងថា នៅក្រោមរដ្ឋធម្មនុញ្ញរបស់កូរ៉េខាងត្បូង ប្រធានាធិបតីអាចប្រកាសច្បាប់អាជ្ញាសឹកក្នុងអំឡុងពេលមានសង្រ្គាម ស្ថានភាពដូចសង្រ្គាម ឬគ្រាអាសន្នណាមួយ ដែលតម្រូវឲ្យប្រើប្រាស់កម្លាំងយោធាដើម្បីរក្សាសន្តិភាព និងសណ្តាប់ធ្នាប់។

ទន្ទឹមនឹងនេះ រដ្ឋធម្មនុញ្ញ​ក៏​ចែង​ផងដែរ​ថា ប្រធានាធិបតី​ត្រូវតែគោរពតាម នៅ​ពេលសមាជិក​រដ្ឋសភា​ទាមទារ​ឲ្យមានការដកចេញច្បាប់អាជ្ញាសឹកវិញ ​ដោយ​សំឡេង​ភាគច្រើន។

ជម្រាបជូនផងដែរថា ក្រោយការប្រកាសលុបចោលច្បាប់អាជ្ញាសឹកនេះ ប្រធានរដ្ឋសភាកូរ៉េខាត្បូង លោក Woo Won Shik បាននិយាយថា សមាជិកសភាទាំងអស់នឹងការពារលទ្ធិប្រជាធិបតេយ្យ ជាមួយប្រជាជន។ ដំណោះស្រាយនេះត្រូវបានអនុម័តដោយមានសមាជិកចំនួន ១៩០ នាក់ ក្នុងចំណោមសមាជិកសរុប ៣០០ នាក់នៃគណបក្សកាន់អំណាច និងគណបក្សប្រឆាំងដែលបានចូលរួម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC ៕