លោក ត្រាំ ជ្រើសរើសមហាសេដ្ឋីវិនិយោគម្នាក់ ឲ្យធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំចក្រភពអង់គ្លេស

អន្តរជាតិ

ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានប្រកាសតែងតាំងមហាសេដ្ឋីវិនិយោគ លោក Warren Stephens ឲ្យធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំនៅចក្រភពអង់គ្លេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ត្រាំ បាននិយាយនៅលើបណ្តាញសង្គម Truth Social របស់ខ្លួនថា ៖”លោក Stephens តែងតែ​ស្រមៃ​ចង់បម្រើសហរដ្ឋអាមេរិកពេញម៉ោង។ ខ្ញុំ​រំភើបដែល​ឥឡូវ​គាត់​នឹង​មាន​ឱកាស​ធ្វើកិច្ចការងារនេះ​ ក្នុង​នាម​ជា​អ្នក​ការ​ទូត​កំពូល​តំណាង​សហរដ្ឋ​អាមេរិក​ នៅក្នុងប្រទេសដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់យើង”។

គួរឲ្យដឹងផងដែរថា លោក Warren Stephens ដែលជានាយកប្រតិបត្តិនៃធនាគារវិនិយោគឯកជន Stephens Inc បានបរិច្ចាគទឹកប្រាក់រាប់លានដល់យុទ្ធនាការបោះឆ្នោតជាប្រធានាធិបតីរបស់លោក ត្រាំ នៅឆ្នាំនេះ។

មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បានបង្ហាញក្តីរំពឹងទុកផងដែរថា លោក Stephens នឹងជួយរក្សានូវអ្វីដែលហៅថា ទំនាក់ទំនងពិសេសរវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ក្នុងការបង្កើនភាពជិតស្និទ្ធជាមួយគ្នាទាំងផ្នែកយោធា ចារកម្ម និងវប្បធម៌។

តួនាទីជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំចក្រភពអង់គ្លេស គឺជាមុខតំណែងការទូតដែលគេប្រាថ្នាចង់បានបំផុត ខណ:ប្រធានាធិបតីលោក ត្រាំ បានសម្រេចផ្តល់តួនាទីនេះ ទៅឲ្យលោក Stephens ដែលត្រូវបានចាត់ទុកថាជាគាំទ្រដ៏លេចធ្លោបំផុតម្នាក់ ក្នុងអំឡុងយុទ្ធនាការបោះឆ្នោតរបស់ខ្លួន៕

ជម្រាបជូនផងដែរថា លោក ត្រាំ បានជ្រើសតាំងអ្នកគាំទ្រដ៏ស្មោះស្ម័គ្រ​របស់ខ្លួនជាច្រើនរូបរួចមកហើយ សម្រាប់នៅក្នុង​គណៈរដ្ឋមន្ត្រី និង​មុខតំណែង​ការទូត​ជាន់ខ្ពស់​របស់​លោក។ កាលពីចុងសប្តាហ៍មុន លោក ត្រាំ ក៏បានប្រកាសតែងតាំងមហាសដ្ឋីអចលនទ្រព្យ លោក Charles Kushner ដែលត្រូវជាដន្លងរបស់ខ្លួន ឲ្យធ្វើជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសបារាំង ផងដែរ៕