ទីផ្សារហ៊ុនរបស់កូរ៉េខាងត្បូងធ្លាក់ចុះ ២% ក្រោយប្រធាធិបតីលោក Yoon ប្រកាសចេញច្បាប់អាជ្ញាសឹកទាំងយប់

អន្តរជាតិ

ទីផ្សារហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរាយការណ៍ថា បានធ្លាក់ចុះអស់ប្រហែល ២% នៅមួយថ្ងៃបន្ទាប់ពីមានភាពចលាចលនយោបាយមួយបានកើតឡើង ក្រោយប្រធានាធិបតីលោក Yoon Suk Yeol បានដាក់ចេញច្បាប់អាជ្ញាសឹកកាលពីយប់ថ្ងៃអង្គារ មុនពេលលុបចោលវិញក្នុងរយ:ពេលប៉ុន្មានម៉ោងក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានរាយការណ៍ឲ្យដឹងទៀតថា ទីផ្សារហ៊ុន Kospi របស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះ ១,៩% ខណ:ពេលដែលទីផ្សារហ៊ុន Kosdaq បានធ្លាក់ចុះ ២,១% នៅក្នុងការជួញដូរដំបូង នៅថ្ងៃពុធនេះ។

បន្ទាប់ពីមានកិច្ចប្រជុំក្រុមប្រឹក្សាភិបាលបន្ទាន់មួយ ក្រោយការប្រកាសចេញច្បាប់អាជ្ញាសឹកនេះ ធនាគារកណ្តាលកូរ៉េ បាននិយាយថា ខ្លួននឹងជំរុញលំហូរសាច់ប្រាក់ងាយស្រួលរយៈពេលខ្លី និងដាក់ពង្រាយវិធានការថ្មីៗមួយចំនួន ដើម្បីធ្វើឲ្យមានស្ថិរភាពទីផ្សារហ៊ុនឡើងវិញ តាមតម្រូវការ។ ខណ:ធនាគារ ក៏នឹងបញ្ចេញប្រាក់កម្ចីពិសេសណាមួយដែលត្រូវការ ដើម្បីបញ្ចូលមូលនិធិទៅក្នុងទីផ្សារផងដែរ។

ជម្រាបជូនថា លោក Yoon Suk Yeol បានចេញប្រកាសទាំងយប់អំពីការដាក់ចេញច្បាប់អាជ្ញាសឹកសម្រាប់ប្រទេសកូរ៉េខាងត្បូង ដោយនេះគឺជាការប្រកាសច្បាប់អាជ្ញាសឹកលើកដំបូងមិនធ្លាប់មានឡើយសម្រាប់ប្រទេសក្នុងតំបន់អាស៊ីមួយនេះ គិតត្រឹមរយៈពេលជិត៥០ឆ្នាំចុងក្រោយ។

ប៉ុន្ដែ ក្រោយពីមានការផ្ទុះការតវ៉ាដ៏ខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋរាប់ពាន់នាក់ និងការបោះឆ្នោតប្រឆាំងដោយសមាជិកសភា ចំពោះការដាក់ចេញនូវអាជ្ញាសឹកនេះ នៅប៉ុន្មានម៉ោងក្រោយមក លោក Yoon ក៏បានប្រកាសដកចេញច្បាប់នេះវិញភ្លាមៗ។

ទន្ទឹមនឹងនេះ យោងតាមរបាយការណ៍ក្នុងស្រុក គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំបំផុតរបស់ប្រទេសនេះ បាននិយាយថា ខ្លួននឹងចាប់ផ្តើមដំណើរការនីតិវិធីចោទប្រកាន់ដើម្បីដកលោក Yoon ចេញពីប្រធានាធិបតី ប្រសិនបើលោកមិនព្រមចុះចេញពីតំណែងភ្លាមៗទេនោះ៕