ប្រធានាធិបតីលោក Yoon Suk Yeol ដែលបានប្រកាសច្បាប់អាជ្ញាសឹកក្នុងរយ:ពេលខ្លីមួយ កាលពីយប់ថ្ងៃអង្គារ (ទី៣ ខែធ្នូ) ត្រូវបានបោះឆ្នោតជ្រើសរើសឲ្យឡើងកាន់តំណែងជាមេដឹកនាំរបស់ប្រទេសកូរ៉េខាងត្បូងនៅឆ្នាំ២០២២ ក្នុងនាមជាអ្នកថ្មីថ្មោងនយោបាយម្នាក់ មកពីគណបក្សអភិរក្សនិយម។
ក្នុងការប្រកាសច្បាប់អាជ្ញាសឹកនេះ លោក Yoon បានចោទប្រកាន់ក្រុមបក្សប្រឆាំងថាទង្វើប្រឆាំងរដ្ឋ ហើយបាននិយាយថា សកម្មភាពនេះគឺដើម្បីការពារប្រទេសពីការគំរាមកំហែង ដែលបង្កឡើងដោយការឃុបឃិតជាមួយកូរ៉េខាងជើង។
ប៉ុន្តែទោះជាយ៉ាងណា លោក Yoon បានដកចេញច្បាប់អាជ្ញាសឹកនេះវិញ ពោលគឺក្រោយតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីសមាជិកសភាបោះឆ្នោតប្រឆាំង និងមានការផ្ទុះការតវ៉ាដ៏ខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋរាប់ពាន់នាក់។
កើតនៅទីក្រុងសេអ៊ូលក្នុងឆ្នាំ១៩៦០ លោក Yoon បានសិក្សាផ្នែកច្បាប់ ហើយបានបន្តក្លាយជារដ្ឋអាជ្ញាសាធារណៈ និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់ទោសអតីតប្រធានាធិបតី លោកស្រី Park Geun-hye ពីបទរំលោភបំពានអំណាច។
ក្នុងនាមជារដ្ឋអាជ្ញាកំពូលរបស់ប្រទេសក្នុងឆ្នាំ២០១៩ លោក Yoon ក៏បានចោទប្រកាន់ជំនួយការកំពូលរបស់ប្រធានាធិបតីដែលផុតអាណត្តិ លោក Moon Jae-in នៅក្នុងករណីក្លែងបន្លំ និងសំណូកដែលធ្វើឱ្យខូចដល់មុខមាត់រដ្ឋបាលផងដែរ។
គណបក្សអំណាចប្រជាជនអភិរក្សនិយម (PPP) ដែលជាគណបក្សប្រឆាំងដ៏ធំនៅពេលនោះ បានមើលឃើញពីសមត្ថភាព និងបញ្ចុះបញ្ចូលឲ្យលោក Yoon ក្លាយជាបេក្ខជនប្រធានាធិបតីរបស់ពួកគេ។
បន្ទាប់មក លោក Yoon បានទទួលជ័យជម្នះក្នុងការបោះឆ្នោត ក្នុងខែមីនា ឆ្នាំ២០២២ ដោយបានផ្តួលលោក Lee Jae-myung ដែលជាបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ ជាមួយសំឡេងឆ្នោតដែលមានភាពប្រកៀកប្រកិតគ្នាខ្លាំងបំផុត នៅក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង។
ប៉ុន្តែទោះជាយ៉ាងណា លោក Yoon តែងទទួលបានការរិះគន់យ៉ាងខ្លាំង ដោយសារតែគោលនយោបាយដឹកនាំប្រទេសរបស់លោក ហាក់គ្មានប្រសិទ្ធិភាព ជាពិសេសទាក់ទងទៅនឹងអតិផរណាស្បៀងអាហារ កំណើនសេដ្ឋកិច្ចយឺតយ៉ាវ និងបង្កើនការរឹតត្បិតលើសេរីភាពនៃការបញ្ចេញមតិ ផងដែរ។
ក្នុងនាមជាប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon បានរក្សាជំហរតឹងតែងប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង និងពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តប្រពៃណីរបស់ទីក្រុងសេអ៊ូល គឺសហរដ្ឋអាមេរិក៕