ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយនៅថ្ងៃពុធ ទី៤ ខែធ្នូនេះថា លោកនឹងដកច្បាប់អាជ្ញាសឹកចេញវិញ បន្ទាប់ពីបានប្រកាសដាក់ឲ្យប្រើទូទាំងប្រទេស កាលពីកាលពីយប់ថ្ងៃអង្គារ ដោយបង្កឲ្យមានភាពចលាចល និងភាពតាងតឹងពាសពេញប្រទេស ក្រោមហេតុផលការពាររដ្ឋ អំពីក្រុមប្រឆាំងដែលចូលដៃជាមួយកូរ៉េខាងជើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។
គួរឲ្យដឹងផងដែរថា នៅក្រោមរដ្ឋធម្មនុញ្ញរបស់កូរ៉េខាងត្បូង ប្រធានាធិបតី អាចប្រកាសច្បាប់អាជ្ញាសឹកក្នុងអំឡុងពេលមានសង្រ្គាម ស្ថានភាពដូចសង្រ្គាម ឬគ្រាអាសន្នណាមួយ ដែលតម្រូវឲ្យប្រើប្រាស់កម្លាំងយោធាដើម្បីរក្សាសន្តិភាព និងសណ្តាប់ធ្នាប់។
ហើយយ៉ាងណាមិញ ចំពោះច្បាប់អាជ្ញាសឹកដែលប្រធានាធិបតីលោក Yoon បានដាក់ចេញកាលពីពេលថ្មីៗនេះ មានវិសាលភាពបែបណាខ្លះ?
យោងទៅតាមសារព័ត៌មានធំៗ បានបង្ហាញថា “ច្បាប់អាជ្ញាសឹក” ឬ “Martial Law” ដែលលោក Yoon បានប្រកាសដាក់ចេញនោះរួមមាន៖
-ប្រទេសកូរ៉េខាងត្បូងទាំងមូលនឹងត្រូវបានគ្រប់គ្រងដោយកម្លាំងយោធា
-រាល់ការធ្វើដំណើរចេញនិងចូលប្រទេសទាំងអស់ត្រូវបានផ្អាកទាំងស្រុង
-រាល់ការជួបជុំនានានៅតាមទីសាធារណ:នឹងត្រូវបានហាមឃាត់
-កងកម្លាំងយោធាមានសិទ្ធិពេញលេញក្នុងការចាប់ ឬឃាត់ខ្លួនប្រជាពលរដ្ឋដែលប្រឆាំង
-រាល់សារព័ត៌មានកូរ៉េខាងត្បូងទាំងអស់នឹងត្រូវបានគ្រប់គ្រងដោយកម្លាំងយោធា
ជម្រាបជូនផងដែរថា ការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹកនៅកូរ៉េខាងត្បូង បានកើតឡើងលើកចុងក្រោយបំផុត បានកើតឡើងនៅអំឡុងទសវត្សឆ្នាំ១៩៨០។ រីឯច្បាប់អាជ្ញាសឹកប្រកាសដោយលោក Yoon ដែល មានគោលដៅប្រឆាំងទៅនឹងសត្រូវនយោបាយរបស់លោក ត្រូវបានសមាជិកសភា១៩០រូប ក្នុងចំណោមសមាជិកសរុប ២០០ នាក់ បោះឆ្នោតប្រឆាំង ហើយសូម្បីតែគណបក្សរបស់លោកផ្ទាល់ ក៏បានជំរុញឲ្យរូបលោកដកច្បាប់អាជ្ញាសឹកនេះចេញ ផងដែរ៕