ចិន បានប្រកាសហាមឃាត់ការនាំចេញសមាសធាតុសំខាន់ៗមួយចំនួន ទៅកាន់សហរដ្ឋអាមេរិក ដើម្បីជាការឆ្លើយតបទៅកាន់រដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន ជុំវិញការដាក់សម្ពាធបន្ថែមលើការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Asia Financial។
ក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ថាការហាមឃាត់នេះមានប្រសិទ្ធភាពភ្លាមៗ និងអនុវត្តចំពោះតែសហរដ្ឋអាមេរិកប៉ុណ្ណោះ ជុំវិញការផ្អាកការនាំចេញសារធាតុរ៉ែសំខាន់ៗមួយចំនួនដូចជា ហ្គាលីញ៉ូម ហ្រ្គេមេនីញ៉ូម អង់ទីម៉ូនី និងសម្ភារ:រឹង ដែលជាធាតុប្រើប្រាស់ច្រើនបំផុត ក្នុងវិស័យបច្ចេកវិទ្យា និងសម្រាប់ផលិតគ្រាប់រំសេវ។
ជុំវិញការហាមឃាត់នេះ បានឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានពង្រីកការបង្រ្កាបរបស់ខ្លួនលើឧស្សាហកម្មបន្ទះឈីប semiconductor របស់ប្រទេសចិន ដែលជាវិធានការចុងក្រោយ ក្នុងរយៈពេលបីឆ្នាំ ក្នុងការទប់ស្កាត់ការនាំចេញទៅកាន់ក្រុមហ៊ុនចំនួន ១៤០ របស់ចិន រួមទាំងក្រុមហ៊ុនផលិតឧបករណ៍បន្ទះឈីប Naura Technology Group ផងដែរ។
ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្មចិន បាននិយាយកាលពីថ្ងៃអង្គាថា ៖”ជាគោលការណ៍ ការនាំចេញហ្គាលីញ៉ូម ហ្រ្គេមេនីញ៉ូម អង់ទីម៉ូនី និងសម្ភារ:រឹង ទៅកាន់សហរដ្ឋអាមេរិក មិនត្រូវបានអនុញ្ញាតទេ”។
គួរឲ្យដឹងថា ចាប់តាំងពីឆ្នាំមុនមក រដ្ឋាភិបាលទីក្រុងប៉េកាំង បានកាត់បន្ថយការនាំចេញរ៉ែហ្គាលីញ៉ូម និងហ្រ្គេមេនីញ៉ូម របស់ខ្លួនយ៉ាងច្រើន ដែលត្រូវបានចាត់ទុកថាជាធាតុដ៏សំខាន់បំផុត សម្រាប់ការផលិតបន្ទះឈីបកុំព្យូទ័រល្បឿនលឿន។
ជម្រាបជូនថា ប្រទេសចិន គ្រប់គ្រងការផ្គត់ផ្គង់លោហធាតុទាំងពីរដែលមានយ៉ាងហោចណាស់ ៦០% នៃផលិតកម្មហ្រ្គេមេនីញ៉ូម សកល និងជិត ៩០% នៃទិន្នផលហ្គាលីញ៉ូម របស់ពិភពលោក៕