យោងតាមរដ្ឋមន្ត្រីក្រសួងវិនិយោគឥណ្ឌូណេស៊ី បាននិយាយកាលពីថ្ងៃអង្គារ ទី៣ ខែធ្នូថា ប្រទេសរបស់ខ្លួន រំពឹងទុកថានឹងទទួលបានការវិនិយោគក្នុងចំនួនទឹកប្រាក់ ១ពាន់លានដុល្លារបន្ថែមពីក្រុមហ៊ុន Apple ក្នុងពេលមួយសប្តាហ៍ទៀត បន្ទាប់ពីរដ្ឋាភិបាលប្រទេសនេះ បានហាមឃាត់ការលក់ទូរស័ព្ទ iPhone 16 របស់ពួកគេ ដោយសារមិនគោរពតាមច្បាប់មាតិកាក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
រំលឹកផងដែរថា ប្រទេសឥណ្ឌូណេស៊ី បានបញ្ឈប់ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកមួយនេះ ដោយសារតែពួកគេមិនបានបំពេញតាមច្បាប់ប្រើប្រាស់ធនធានក្នុងស្រុកយ៉ាងហោចណាស់ ៤០%។
ប៉ុន្តែយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងវិនិយោគ លោក Rosan Roeslani បានប្រាប់សមាជិកសភាក្នុងអំឡុងកិច្ចប្រជុំមួយថា ប្រទេសរបស់ខ្លួនរំពឹងថានឹងទទួលបានការវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារបន្ថែមទៀត ប្រសិនបើ Apple សម្រេចចិត្តធ្វើឲ្យឥណ្ឌូណេស៊ីក្លាយជាផ្នែកមួយនៃខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ធំរបស់ខ្លួននោះ។
គួរបញ្ជាក់លផងដែរថា ក្រុមហ៊ុន Apple ធ្លាប់បានដាក់សំណើរវិនិយោគ ១០០លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតគ្រឿងបន្លាស់ និងគ្រឿងបរិក្ខារក្នុងប្រទេសឥណ្ឌូណេស៊ី ដើម្បីទទួលបានការលើកលែងចំពោះការហាមឃាត់នេះ ប៉ុន្តែទោះជាយ៉ាងណា រដ្ឋាភិបាលឥណ្ឌូណេស៊ី បានច្រានចោលវិញដោយលើហេតុផលថា ពួកគេមិនបានបំពេញតាមគោលការណ៍វិនិយោគប្រកបដោយភាពយុត្តិធម៌។
ជម្រាបជូនថា ក្រុមហ៊ុន Apple បច្ចុប្បន្ន នៅមិនទាន់មានរោងចក្រផលិតក្នុងប្រទេសឥណ្ឌូណេស៊ីនៅឡើយទេ ដោយចាប់តាំងពីឆ្នាំ២០១៨ មក ក្រុមហ៊ុនបច្ចេកវិទ្យានេះ បានបង្កើតត្រឹមតែសាលាសម្រាប់អភិវឌ្ឍកម្មវិធីប៉ុណ្ណោះ៕