ក្រុមហ៊ុន Damac Group ដែលគាំទ្រដោយមហាសេដ្ឋីឌុយបៃ លោក Hussain Sajwani គ្រោងនឹងបោះទុនវិនិយោគប្រហែល ៣ពាន់លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យ នៅទូទាំងអាស៊ីអាគ្នេយ៍ ក្នុងគោលបំណងធ្វើឲ្យតំបន់នេះប្រែក្លាយជាមជ្ឈមណ្ឌលដ៏ធំបំផុត សម្រាប់សេវាកម្ម AI និង cloud ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
បើតាមលោក Danish Nayar អនុប្រធានជាន់ខ្ពស់ផ្នែកវិនិយោគ និងការទិញយករបស់ក្រុមហ៊ុន Damac Group បាននិយាយថា ទឹកប្រាក់វិនិយោគដ៏ច្រើននេះ ទៅនឹងត្រូវចាក់បញ្ចូលតាមរយ:ក្រុមហ៊ុនបុត្រសម្ព័ន្ធ Edgnex Data Centers របស់ខ្លួន ដើម្បីបែងចែកសម្រាប់ការចំណាយក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យ នៅក្នុងរដ្ឋធានីរបស់ប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងថៃ ក្នុងរយ:ពេលពី ៣ទៅ៥ឆ្នាំខាងមុខ។
គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន Damac ដែលកន្លងមកធ្លាប់តែផ្តោតជាចម្បងលើវិស័យអចលនទ្រព្យ នៅក្នុងទីក្រុងឌូបៃ ក្នុងពេលថ្មីៗនេះ បាននិងកំពុងធ្វើពិពិធកម្មលើវិស័យផ្សេងជាច្រើនដូចជា បច្ចេកវិទ្យា និងវិស័យម៉ូដសម្លៀកបំពាក់ផងដែរ។
ទន្ទឹមនឹងនេះ លោក Nayar បានប្រាប់ទៅកាន់សារព័ត៌មាន Bloomberg ទៀតថា ការបោះទុននៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ គឺជាផ្នែកមួយនៃផែនការចំណាយរបស់ក្រុមហ៊ុនចន្លោះពី ៥ទៅ ៧ពាន់លានដុល្លារ លើការពង្រីកប្រតិបត្តិការរបស់ Edgnex នៅជុំវិញពិភពលោក។
ជម្រាបជូនថា ផែនការដ៏ធំនេះ មានគោលបំណងបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលអាចផ្ទុកម៉ាស៊ីនមេកម្រិតខ្ពស់ដែលចាំបាច់សម្រាប់ការរក្សាទុកទិន្នន័យ និងការផ្តល់សេវាបញ្ញាសិប្បនិម្មិត។ ដោយបង្កើតឡើងដំបូងក្នុងឆ្នាំ២០២១ ក្រុមហ៊ុន Edgnex ដំណើរការមជ្ឈមណ្ឌលទិន្នន័យចំនួនពីររួចមកហើយ នៅក្នុងទីក្រុង Riyadh និងDammam ។ នេះបើតាមការបញ្ជាក់ពីលោក Nayar៕