ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Kernel លោក Bryan Johnson ត្រូវបានទស្សនាវដ្តី Fortune រាយការណ៍ថា ក្នុងមួយឆ្នាំៗ លោកត្រូវចំណាយប្រាក់រហូតដល់ ២លានដុល្លារ ក្នុងការថែរក្សាសុខភាព ដើម្បីអាចរស់នៅបានយូរ ជាមួយនឹងការជ្រើសរើសរបបអាហារយ៉ាងហ្មត់ចត់ ខណៈការគេងវិញក៏ត្រូវឲ្យទៀតទាត់ និងធ្វើតេស្តសុខភាពជាប្រចាំ។
នៅសប្តាហ៍នេះ លោកបានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា ដើម្បីផ្សព្វផ្សាយអំពីសៀវភៅរបស់ខ្លួនមានឈ្មោះថា «Don’t Die» ក៏ប៉ុន្តែទោះបីនៅឥណ្ឌាមានបន្លែ ត្រី សាច់ដ៏សម្បូរបែបយ៉ាងណាក៏ដោយ មហាសេដ្ឋីរូបនេះបែរជាជ្រើសរើសអាហារដែលខំវេចពីប្រទេសខ្លួនមកទុកបរិភោគទៅវិញដោយលោកបានលើកឡើងនៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា៖ មនុស្សជាច្រើនធ្លាប់សួរខ្ញុំថា ពេលខ្ញុំធ្វើដំណើរទៅក្រៅប្រទេសម្តងៗ តើហូបយ៉ាងម៉ិចទៅ? លោកបានភ្ជាប់រូបមួយសន្លឹក ដែលមានរូបលោក និងអាហារបំប៉នជាច្រើនមុខ ហើយសរសេរដូច្នេះថា៖ នេះហើយជាអ្វីដែលនាំយកមកជាមួយខ្ញុំ សម្រាប់បរិភោគនៅប្រទេសឥណ្ឌារយៈពេល ៦ថ្ងៃ។
ទោះបីមានក្រុមហ៊ុនអាហារបំប៉នជាច្រើនបានអះអាងថា ផលិតផលរបស់ពួកគេបានឆ្លងកាត់ការពិសោធន៍បានយ៉ាងត្រឹមត្រូវ និងមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ក៏ប៉ុន្តែវិទ្យាស្ថានសុខភាពជាតិ (NIH) ក៏បានផ្តល់អនុសាសន៍ថា អ្នកប្រើប្រាស់គួរតែទទួលបានសារធាតុចិញ្ចឹមពីអាហារទាំងមូល (មិនទាន់កែច្នៃ) ជាជាងការពឹងផ្អែកលើអាហារប្រភេទម្សៅ ដែលត្រូវបានគេកែច្នៃរួចហើយ។
សូមជម្រាបថា ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Kernel លោក Bryan Johnson ក៏ជាសេដ្ឋីមួយរូប ដែលត្រូវបានសារព័ត៌មានធំៗជាច្រើនអះអាងថា រូបលោកមានទ្រព្យសម្បត្តិប្រហាក់ប្រហែល ៨០០លានដុល្លារ៕